សន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)”

នាថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា គ.ស. ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)” ក្រោមអធិបតីភាពបើកសន្និសីទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ដល់សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងសន្និសីទនេះ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងផ្តល់សុន្ទរកថាបិទ អង្គសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ “តួនាទីនៃបច្ចេកវិទ្យាហិញ្ញវត្ថុក្នុងការជំរុញចីរភាពក្នុងតំបន់អាស៊ាន” និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពីបទពិសោធក្នុងការចល័ត គណនេយ្យករជំនាញអាស៊ាន និងការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស(RFPA) នៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគណនេយ្យករជំនាញមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកចំណេះដឹង និងការវិវត្តនៃវិស័យគណនេយ្យនិងសវនកម្មនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន។ សន្និសីទគណនេយ្យជំនាញអាស៊ានលើកទី៤ ត្រូវបានបញ្ចប់នាថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីសំណាក់មន្ត្រីជំនាញ គណនេយ្យករជំនាញ សមាជិក និងម្ចាស់ឬតំណាងក្រុមហ៊ុនដែលជាសមាជិករបស់ វ.គ.ស.ក. សរុបចំនួនប្រមាណ៣១១រូប។

វគ្គណែនាំសមាជិកដំបូង (Induction Course)

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួន លើកទី២ សម្រាប់សមាជិកថ្មីឆ្នាំ២០២៥ សរុប១០រូប នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានសហការរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៤៣រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះមានការចូលរួមពីវាគ្មិនកិត្តិយស លោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក.។ ជាលទ្ធផល កម្មវិធីនេះបានផ្តល់ផលប្រយោជន៏ដល់និស្សិតដូចជា៖

១. យល់ដឹងពីសារៈសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

៣. ស្វែងយល់ពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “ស្តង់ដាគណនេយ្យអន្តរជាតិ (IAS) 36៖ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម”

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ៥:០០ នាទីល្ងាច វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ស្តង់ដាគណនេយ្យអន្តរជាតិ (IAS) 36៖ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម” ដែលជាការគាំទ្រពី ខេម អឹខោនធីង & ថាក សឺវីស ឯ.ក។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Ms. Roda Alcantara, Director of Business Services។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៨ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “QuickBooks Online Cambodia Version with Compliance Solution”

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “QuickBooks Online Cambodia Version with Compliance Solution” ដែលមានការចូលរួមគាំទ្រពី ខាស-ប៊ីហ្ស ថេកណឡជី ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស កញ្ញា ម៉ាន ជុតិម៉ា ជាជំនួយការប្រធានគ្រប់គ្រងអតិថិជន នៃខាស-ប៊ីហ្ស ថេកណឡជី។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយភាពរីករាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៣៩៩ នាក់។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥”

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការចូលរួមពី លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. លោក/លោកស្រី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីជំនាញនៃ ន.គ.ស. សមាជិក ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកចូលរួម សរុបចំនួន៣៥០រូប នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមវាគ្មិនកិត្តិយសក្នុងវេទិកាសំណួរនិងចម្លើយ ក្នុងសិក្ខាសាលាខាងលើផងដែរ ។ សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបានកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពី យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ របស់និយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជាផ្សព្វផ្សាយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាបានកាន់តែរីកចម្រើននាពេលអនាគត។

សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កិច្ចប្រជុំពិភាក្សារវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)

នារសៀលថ្ងៃព្រហស្បត្តិ៍ ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា គ.ស. ២០២៥ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធាននៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួមពី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងមន្ត្រីនៃ វ.គ.ស.ក. នៅបន្ទប់ប្រជុំនៃអង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សា ពង្រឹង និងពង្រីកទំនាក់ទំនង សម្ព័ន្ធភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលអនាគត។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា សេចក្តីរីករាយ និងកិច្ចសហប្រតិបត្តិការខ្ពស់។

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នាព្រឹកថ្ងៃសៅរ៍ ៤ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា គ.ស.២០២៥

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាទួលគោក។

គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងរបៀបបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងជំរុញអត្រាប្រឡងជាប់របស់និស្សិត។

លោក ជា ធួន, នាយករងប្រតិបត្តិ នៃ វ.គ.ស.ក. ជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

• ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម

• កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

• វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១២:០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Accounting in Business Growth”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “Accounting in Business Growth” ដែលមានការចូលរួមគាំទ្រពី ECOVIS VSDK & PARTNERS CO., LTD.។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សយ ដារ៉ាទីតូ ដែលជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ពន្ធដារ សវនកម្ម និងវិភាគអាជីវកម្ម នៃECOVIS VSDK & PARTNERS CO., LTD.។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយភាពរីករាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤២៧នាក់។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួន សម្រាប់សមាជិកថ្មី ឆ្នាំ២០២៥ សរុប១២រូប នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃ អង្គារ ៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស. ២០២៥ នៅសាកលវិទ្យាល័យ វ៉ាន់ដា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញ ស្តីពី “វិជ្ជាជីវ:គណនេយ្យនៅកម្ពុជា” ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពរបស់ លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកគ្រូបណ្ឌិត ប៉ែន សុវិបុល សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ វ៉ាន់ដា ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប៤១០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យ វ៉ាន់ដា ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៥៥នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

វ.គ.ស.ក. បានចូលរួមជាមួយអ្នករត់ជាង ១០០០នាក់ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ!

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា គ.ស.២០២៥

 វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមដោយមោទនភាពក្នុងនាមជាអ្នករៀបចំកម្មវិធី “រត់ដើម្បីចំណេះដឹងផ្នែកហិរញ្ញវត្ថុ” នៅទីក្រុងរណបជ្រោយចង្វារ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សមាគមគណនេយ្យករជំនាញអន្តរជាតិ(ACCA) សហព័ន្ធគណនេយ្យករអាស៊ាន(AFA) សមាគមធនាគារនៅកម្ពុជា និងទីក្រុងរណបជ្រោយចង្វារ ហើយទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសាធារណជន។

ថវិកាទាំងអស់ដែលទទួលបានពីការឧបត្ថម្ភត្រូវបានប្រគល់ជូនទៅសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីផលិតវីដេអូអប់រំអំពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុដែលនឹងជួយប្រជាជនទូទាំងប្រទេសកម្ពុជាឱ្យយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដោយភាពឆ្លាតវៃ។

វ.គ.ស.ក. មានផ្តល់កិត្តិយសចូលរួមដោយ៖

– លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.

– លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.

–លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.

– សមាជិក និងលេខាធិការដ្ឋាននៃ វ.គ.ស.ក.

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមរត់ ក្នុងការគាំទ្រកម្មវិធីនេះ និងជួយផ្សព្វផ្សាយសារអប់រំស្តីពីហិរញ្ញវត្ថុ។ ថាមពល និងសប្បុរសរបស់អ្នកបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ!

យើងរួមគ្នាដើម្បីអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាង និងឆ្លាតវៃសម្រាប់កម្ពុជា។.

កិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន (AFA)

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា គ.ស. ២០២៥ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន និងជាម្ចាស់ផ្ទះ  វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំនូវកិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន(AFA) ដោយមានការអញ្ជើញចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤០ ជាកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធគណនេយ្យករអាស៊ាន ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត Doan Xuan Tien ប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Ardan Adiperdana អនុប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Eward Tanujaya នាយកប្រតិបត្តិនៃ AFA និងសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាលើគន្លឹះនៃការអភិវឌ្ឍនិងយុទ្ធសាស្ត្រជាអាទិភាពសម្រាប់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន។ សហព័ន្ធគណនេយ្យករអាស៊ាន(AFA) បង្កើតឡើងតាំងពីឆ្នាំ១៩៧៧ ដើម្បីអភិវឌ្ឍនិងលើកកម្ពស់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន និងពង្រឹងកិច្ចសហការរវាងប្រទេសជាសមាជិកក្នុងតំបន់និងអន្តរជាតិ។ សម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២៤ដល់២០២៧ ផ្តោតលើ៖ របាយការណ៍ចីរភាព បរិវត្តកម្មឌីជីថល ការកសាងនិងអភិវឌ្ឍសមត្ថភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត។

វគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)ដោយ ICAEW”

នៅថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្នុងការសហការជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតចំនួនប្រហែល ២៣នាក់ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១. ផ្តល់ដំណឹងដល់និស្សិតអំពីអាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធី ATQ

២. បង្ហាញពីសារៈសំខាន់នៃអាហារូបករណ៍

៣. ជំរុញឱ្យនិស្សិតមានការចាប់អារម្មណ៍ និងដាក់ពាក្យស្នើសុំអាហារូបករណ៍ និង

៤. ផ្ដល់យោបល់ និងយុទ្ធសាស្ត្រសិក្សាដើម្បីឈានដល់លទ្ធផលល្អក្នុងការប្រឡង

កម្មវិធីតម្រង់ទិសនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយជោគជ័យពោរពេញទៅដោយការចូលរួមយ៉ាងសកម្ម ស្និទ្ធស្នាល និងការចែករំលែកបទពិសោធន៍យ៉ាងរីករាយ។