វេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និង ACCA Cambodia បានរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិការដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងផ្តល់សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា អ.ស.ហ. អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។

វេទិកានេះផ្តោតជាសំខាន់ទៅលើ៖

– ការពិភាក្សាពីវឌ្ឍនភាពជាតិ

– បង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួមដំណើរទៅមុខសម្រាប់វិស័យគណនេយ្យ និងសវនកម្ម

– បង្ហាញពីសក្តានុពលរបស់ស្តង់ដាចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ក្នុងការចូលរួមជំរុញការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ

– ឱកាស បញ្ហាប្រឈម និងចំណេះដឹងដែលទទួលបាន ពីការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងក្របខណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា (CRFRF)

– រក្សាស្ថេរភាពហិរញ្ញវត្ថុ ដែលជាគោលការណ៍ស្នូលនៃគោលនយោបាយអភិវឌ្ឍន៍ FinTech នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ វ.គ.ស.ក. មានការចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងលេខាធិការដ្ឋាន វ.គ.ស.ក. ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Refreshing Accounting for an Accountant on Accounting for Revenue”

ត្រូវនឹងថ្ងៃទី២៩ ខែសីហា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៤៥ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Refreshing Accounting for an Accountant on Accounting for Revenue” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សាយ សុខខេង អគ្គនាយក នៃ DFC។

សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៨៧ នាក់។

កម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel” 

នារសៀលថ្ងៃអង្គារ ១០ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសលោក បាន សិទ្ធី ជាសាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ QuickBooks និងAdvanced Excel។ កម្មវិធីនេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី២ស្តីពី ជំនាញ ITនិងកម្មវិធីកុំព្យូទ័រ នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមពីសាធារណជន និងសិស្សនិស្សិតប្រមាណ ២៧៧នាក់ដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។ ជាលទ្ធផល កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ដល់សាធារណជន និងនិស្សិតដូចជា៖

១. រង្វាស់ហិរញ្ញវត្ថុ(ការវិភាគអនុបាតប្រាក់ចំណេញ និងអនុបាតសន្ទនីយភាព)

២. ការប្រមូល សម្រួល និងវិភាគទិន្នន័យ

៣. ការបង្កើត Dashboard ដោយប្រើប្រាស់កម្មវិធី Microsoft Excel

៤. ការបកស្រាយ Dashboard សម្រាប់ធ្វើការសម្រេចចិត្តផ្សេងៗ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Tax Health Check for a Merchandising Company”

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១០:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “Tax Health Check for a Merchandising Company” ដែលមានការគាំទ្រពី បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Oknha Tan Khee Meng, Managing Partner។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៨១ នាក់។

 

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស. ២០២៥ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម នឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា​ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ” ជូនសាស្រ្តាចារ្យ និងនិស្សិត​នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកជំទាវបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ញីគណនេយ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទបញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១០១​រូប​ នៅសាលប្រជុំនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១១និង០០នាទីព្រឹក​ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ការប្រគល់ជូនមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយ: សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- (TYDA)

ក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសារណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រគល់ជំនួយដោយផ្ទាល់ដល់សមរភូមិជួរមុខ — នៅព្រឹកថ្ងៃ ពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) ដឹកនាំដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងផ្តល់កិត្តិយសចូលរួមប្រគល់ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រគល់ជូននូវមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលបានពី វ.គ.ស.ក. សមាជិក និងសាធារណជន ទាំងអស់ តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ក្នុងការគាំទ្រកិច្ចការសង្គ្រោះដល់វីរកងទ័ព និងប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។

មូលនិធិសប្បុរសធម៌ មានសរុបជាទឹកប្រាក់ចំនួន ៤៤,៣៥០,០០០ រៀល ដែលក្នុងនោះ វ.គ.ស.ក. បានរៀបចំជាស្បៀងអាហារ ថ្នាំសង្កូវ និងកញ្ចប់ឧបត្ថម្ភថវិការួមមាន៖

១. សាច់ក្រក ចំនួន ៥០គីឡូ, ត្រីងៀត ចំនួន៥០គីឡូ និងត្រីប្រា ចំនួន៥០គីឡូ

២. ថ្នាំ Doliprane ចំនួន ១០០ ប្រអប់ និង ថ្នាំ Beroca ចំនួន ១០០ ប្រអប់

៣. និងកញ្ចប់ឧបត្ថម្ភថវិកាសរុបចំនួន ៣៥,០០០,០០០ រៀល។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនជនរួមជាតិខ្មែរ សមាជិកនៃ វ.គ.ស.ក. និងសាធារណជនទាំងអស់ដែលបានចូលរួមបរិច្ចាគ តាមរយៈ វ.គ.ស.ក. និងសូមគោរពជូនពរដល់សប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជ័យមង្គល និងវិបុលសុខ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំសង្ឃឹមថា មូលនិធិសប្បុរសធម៌នេះនឹងជួយសម្រួលដល់បងប្អូនជាវីរកងទ័ព និងជនភៀសសឹកបាន មួយរយៈផងដែរ។

យើងខ្ញុំជាប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព និងសូមគាំទ្រដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។

សន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)”

នាថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា គ.ស. ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)” ក្រោមអធិបតីភាពបើកសន្និសីទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ដល់សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងសន្និសីទនេះ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងផ្តល់សុន្ទរកថាបិទ អង្គសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ “តួនាទីនៃបច្ចេកវិទ្យាហិញ្ញវត្ថុក្នុងការជំរុញចីរភាពក្នុងតំបន់អាស៊ាន” និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពីបទពិសោធក្នុងការចល័ត គណនេយ្យករជំនាញអាស៊ាន និងការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស(RFPA) នៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគណនេយ្យករជំនាញមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកចំណេះដឹង និងការវិវត្តនៃវិស័យគណនេយ្យនិងសវនកម្មនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន។ សន្និសីទគណនេយ្យជំនាញអាស៊ានលើកទី៤ ត្រូវបានបញ្ចប់នាថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីសំណាក់មន្ត្រីជំនាញ គណនេយ្យករជំនាញ សមាជិក និងម្ចាស់ឬតំណាងក្រុមហ៊ុនដែលជាសមាជិករបស់ វ.គ.ស.ក. សរុបចំនួនប្រមាណ៣១១រូប។

វគ្គណែនាំសមាជិកដំបូង (Induction Course)

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួន លើកទី២ សម្រាប់សមាជិកថ្មីឆ្នាំ២០២៥ សរុប១០រូប នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានសហការរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតប្រមាណ៤៣រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះមានការចូលរួមពីវាគ្មិនកិត្តិយស លោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក.។ ជាលទ្ធផល កម្មវិធីនេះបានផ្តល់ផលប្រយោជន៏ដល់និស្សិតដូចជា៖

១. យល់ដឹងពីសារៈសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

៣. ស្វែងយល់ពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “ស្តង់ដាគណនេយ្យអន្តរជាតិ (IAS) 36៖ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម”

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ៥:០០ នាទីល្ងាច វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ស្តង់ដាគណនេយ្យអន្តរជាតិ (IAS) 36៖ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម” ដែលជាការគាំទ្រពី ខេម អឹខោនធីង & ថាក សឺវីស ឯ.ក។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Ms. Roda Alcantara, Director of Business Services។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤៨ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “QuickBooks Online Cambodia Version with Compliance Solution”

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “QuickBooks Online Cambodia Version with Compliance Solution” ដែលមានការចូលរួមគាំទ្រពី ខាស-ប៊ីហ្ស ថេកណឡជី ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស កញ្ញា ម៉ាន ជុតិម៉ា ជាជំនួយការប្រធានគ្រប់គ្រងអតិថិជន នៃខាស-ប៊ីហ្ស ថេកណឡជី។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយភាពរីករាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៣៩៩ នាក់។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥”

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការចូលរួមពី លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. លោក/លោកស្រី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីជំនាញនៃ ន.គ.ស. សមាជិក ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកចូលរួម សរុបចំនួន៣៥០រូប នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមវាគ្មិនកិត្តិយសក្នុងវេទិកាសំណួរនិងចម្លើយ ក្នុងសិក្ខាសាលាខាងលើផងដែរ ។ សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបានកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពី យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ របស់និយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជាផ្សព្វផ្សាយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាបានកាន់តែរីកចម្រើននាពេលអនាគត។

សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កិច្ចប្រជុំពិភាក្សារវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)

នារសៀលថ្ងៃព្រហស្បត្តិ៍ ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា គ.ស. ២០២៥ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារវាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធាននៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួមពី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងមន្ត្រីនៃ វ.គ.ស.ក. នៅបន្ទប់ប្រជុំនៃអង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សា ពង្រឹង និងពង្រីកទំនាក់ទំនង សម្ព័ន្ធភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលអនាគត។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា សេចក្តីរីករាយ និងកិច្ចសហប្រតិបត្តិការខ្ពស់។

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នាព្រឹកថ្ងៃសៅរ៍ ៤ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា គ.ស.២០២៥

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាទួលគោក។

គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងរបៀបបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងជំរុញអត្រាប្រឡងជាប់របស់និស្សិត។

លោក ជា ធួន, នាយករងប្រតិបត្តិ នៃ វ.គ.ស.ក. ជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

• ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម

• កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

• វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១២:០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Accounting in Business Growth”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “Accounting in Business Growth” ដែលមានការចូលរួមគាំទ្រពី ECOVIS VSDK & PARTNERS CO., LTD.។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សយ ដារ៉ាទីតូ ដែលជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ពន្ធដារ សវនកម្ម និងវិភាគអាជីវកម្ម នៃECOVIS VSDK & PARTNERS CO., LTD.។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយភាពរីករាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៤២៧នាក់។