វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួន សម្រាប់សមាជិកថ្មី ឆ្នាំ២០២៥ សរុប១២រូប នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃ អង្គារ ៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស. ២០២៥ នៅសាកលវិទ្យាល័យ វ៉ាន់ដា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញ ស្តីពី “វិជ្ជាជីវ:គណនេយ្យនៅកម្ពុជា” ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពរបស់ លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកគ្រូបណ្ឌិត ប៉ែន សុវិបុល សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ វ៉ាន់ដា ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប៤១០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យ វ៉ាន់ដា ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៥៥នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

វ.គ.ស.ក. បានចូលរួមជាមួយអ្នករត់ជាង ១០០០នាក់ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ!

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា គ.ស.២០២៥

 វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមដោយមោទនភាពក្នុងនាមជាអ្នករៀបចំកម្មវិធី “រត់ដើម្បីចំណេះដឹងផ្នែកហិរញ្ញវត្ថុ” នៅទីក្រុងរណបជ្រោយចង្វារ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សមាគមគណនេយ្យករជំនាញអន្តរជាតិ(ACCA) សហព័ន្ធគណនេយ្យករអាស៊ាន(AFA) សមាគមធនាគារនៅកម្ពុជា និងទីក្រុងរណបជ្រោយចង្វារ ហើយទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសាធារណជន។

ថវិកាទាំងអស់ដែលទទួលបានពីការឧបត្ថម្ភត្រូវបានប្រគល់ជូនទៅសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីផលិតវីដេអូអប់រំអំពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុដែលនឹងជួយប្រជាជនទូទាំងប្រទេសកម្ពុជាឱ្យយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដោយភាពឆ្លាតវៃ។

វ.គ.ស.ក. មានផ្តល់កិត្តិយសចូលរួមដោយ៖

លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.

លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.

លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.

– សមាជិក និងលេខាធិការដ្ឋាននៃ វ.គ.ស.ក.

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមរត់ ក្នុងការគាំទ្រកម្មវិធីនេះ និងជួយផ្សព្វផ្សាយសារអប់រំស្តីពីហិរញ្ញវត្ថុ។ ថាមពល និងសប្បុរសរបស់អ្នកបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ!

យើងរួមគ្នាដើម្បីអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាង និងឆ្លាតវៃសម្រាប់កម្ពុជា។.

កិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន (AFA)

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា គ.ស. ២០២៥ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន និងជាម្ចាស់ផ្ទះ  វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំនូវកិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន(AFA) ដោយមានការអញ្ជើញចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤០ ជាកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធគណនេយ្យករអាស៊ាន ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត Doan Xuan Tien ប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Ardan Adiperdana អនុប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Eward Tanujaya នាយកប្រតិបត្តិនៃ AFA និងសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាលើគន្លឹះនៃការអភិវឌ្ឍនិងយុទ្ធសាស្ត្រជាអាទិភាពសម្រាប់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន។ សហព័ន្ធគណនេយ្យករអាស៊ាន(AFA) បង្កើតឡើងតាំងពីឆ្នាំ១៩៧៧ ដើម្បីអភិវឌ្ឍនិងលើកកម្ពស់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន និងពង្រឹងកិច្ចសហការរវាងប្រទេសជាសមាជិកក្នុងតំបន់និងអន្តរជាតិ។ សម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២៤ដល់២០២៧ ផ្តោតលើ៖ របាយការណ៍ចីរភាព បរិវត្តកម្មឌីជីថល ការកសាងនិងអភិវឌ្ឍសមត្ថភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត។

វគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)ដោយ ICAEW”

នៅថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្នុងការសហការជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្ដីពី “ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” សម្រាប់និស្សិតចំនួនប្រហែល ២៣នាក់ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១. ផ្តល់ដំណឹងដល់និស្សិតអំពីអាហារូបករណ៍សម្រាប់ថ្នាក់បំប៉នកម្មវិធី ATQ

២. បង្ហាញពីសារៈសំខាន់នៃអាហារូបករណ៍

៣. ជំរុញឱ្យនិស្សិតមានការចាប់អារម្មណ៍ និងដាក់ពាក្យស្នើសុំអាហារូបករណ៍ និង

៤. ផ្ដល់យោបល់ និងយុទ្ធសាស្ត្រសិក្សាដើម្បីឈានដល់លទ្ធផលល្អក្នុងការប្រឡង

កម្មវិធីតម្រង់ទិសនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយជោគជ័យពោរពេញទៅដោយការចូលរួមយ៉ាងសកម្ម ស្និទ្ធស្នាល និងការចែករំលែកបទពិសោធន៍យ៉ាងរីករាយ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “វិក្កយបត្រអេឡិចត្រូនិច – ការចែករំលែកពីប្រទេសម៉ាឡេស៊ី” 

នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១០:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “វិក្កយបត្រអេឡិចត្រូនិច – ការចែករំលែកពីប្រទេសម៉ាឡេស៊ី” ដែលជាការគាំទ្រពី វិទ្យាសា្ថនគណនេយ្យធុរកិច្ច។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Dr. Veerinderjeet Singh, Senior Adviser on Tax Policy of KPMG Malaysia។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៨៩នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ” 

នៅរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ វេលាម៉ោង ២:០០ នាទីរសៀលដល់ម៉ោង ៤:៣០ នាទីរសៀល វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ” ដែលមានការគាំទ្រពី DFC Learning។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ដួង ពិសី ដៃគូសហការផ្នែកពន្ធ និងគណនេយ្យ នៃ DFC។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤២ នាក់។

 

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះលោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ជូនដល់សិស្សនិស្សិត គ្រឹះស្ថានអប់រំ និយោជក និងសាធារណជនប្រមាណ ៣៥០នាក់នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង៖

១.ដើម្បីបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និង

២. ការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរបស់គណនេយ្យករជំនាញនៅកម្ពុជា។

សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១១ និង ៤៨នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ”

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ”

នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញស្តីពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” ដោយមានការចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាវាគ្មិនដោយ លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងលោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត។ ជាលទ្ធផលសិក្ខាសាលានេះទទួលបានជោគជ័យ និងមានអ្នកចូលរួមសរុបចំនួន ២៤២ នាក់។

វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ចំនួនពីរវេន គឺវេនព្រឹក និងវេនល្ងាច សម្រាប់និស្សិតប្រមាណ ៦៦រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារៈសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងការប្រើប្រាស់អែបរបស់​ វ.គ.ស.ក.

៣. ការជំរុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

កម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ.ស. ២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និងលោក ជា ធួន នាយករងប្រតិបត្តិ នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”។ ក្នុងនោះផងដែល លោកជា ធួន ក៏ជាវាគ្មិនកិត្តិយស ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ “ការលើកកម្ពស់ឧត្តមភាពគុណវុឌ្ឍិ តាមរយៈកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ”។ កម្មវិធីនេះទទួលជោគជ័យដោយមានការចូលរួមពីនិស្សិតប្រមាណ៤០រូបមកពីមជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

1. អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគណនេយ្យ

2. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

3. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

4. ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិស័យគណនេយ្យនៅកម្ពុជា

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

សិក្ខាសាលាក្រោមប្រធានបទ ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់ស្ថាប័នហិរញ្ញវត្ថុ? 

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ?

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ ហេតុអ្វីបានជា “ប្រព័ន្ធទប់ទល់ការគំរាមកំហែងពីខាងក្រៅ” ជាប្រព័ន្ធដ៏សាកសមទាំងតម្លៃនិងប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ? ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត វង្ស សុខា អគ្គនាយកក្រុមហ៊ុន Technovage Solution Co., Ltd. និង Mr. Huy Nguyen Tuong, អគ្គនាយកតំបន់នៃក្រុមហ៊ុន CYFIRMA។ សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៣៨ នាក់។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នាល្ងាចថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញ ស្តីពី “វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា” ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកស្រី សេង សុភា នាយិកាសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១១០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ។

សិក្ខាសាលា បានបញ្ចប់នៅវេលាម៉ោង ៨និង០០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នាព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា គ.ស. ២០២៥ វ.គ.ស.ក. បានរៀបចំកម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់ លោកគ្រូអ្នកគ្រូ នៃមជ្ឈមណ្ឌលសិក្សាឌីអែហ្វស៊ី នៅបន្ទប់ប្រជុំ វ.គ.ស.ក.។

គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។

លោក ជា ធួន, នាយករងប្រតិបត្តិ នៃ វ.គ.ស.ក., ជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

• ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម

• កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

• វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១១ និង​ ៤០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។

=