កិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) សម្រាប់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំជំនួបពិភាក្សាការងារជាមួយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) ក្នុងគោលបំណងពិភាក្សាអំពី កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) នៅក្នុងវិស័យឧត្តមសិក្សានៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ​ វ.គ.ស.ក. និង លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ព្រមទាំងក្រុមការងារតំណាងឱ្យវិទ្យាស្ថាន វ.គ.ស.ក.​ នៅទីស្នាក់ការ​​ ស.គ.ឧ.ក.។ កិច្ចប្រជុំនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគម ស.គ.ឧ.ក. រួមមាន ឯកឧត្តមបណ្ឌិត តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក.​ តំណាង ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក.​ និង ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកនៃ ប៊ែលធី គ្រុប និងជាប្រធានគណៈប្រតិបត្តិសមាគម ព្រមទាំងសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកស្រី សាវុធ ដាលី បានធ្វើបទបង្ហាញអំពីបេសកកម្មរបស់វិទ្យាស្ថាន និងសារៈសំខាន់នៃកម្មវិធី ATQ ដែលជាគុណវុឌ្ឍិវិជ្ជាជីវៈកម្រិតជាតិ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសគណនេយ្យដល់និស្សិតតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា។ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសសមត្ថភាពរបស់និស្សិតបញ្ចប់ការសិក្សា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងនិន្នាការវិវត្តនៃវិស័យគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃសមាគម ស.គ.ឧ.ក. បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ និងបានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ អនុស្សរណៈនៃយោគយល់គ្នា (MoU) ជាផ្លូវការ។ ការរៀបចំ MoU នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិជ្ជាជីវៈគណនេយ្យឱ្យកាន់តែមានសក្តានុពល ស្របតាមស្តង់ដាជាតិ និងតំបន់។

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាណវិជ្ជមានក្នុងការលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ ជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងក្លាពីសាកលវិទ្យាល័យនានា និងការតភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានសិក្សា ជាមួយនឹងស្ថាប័នវិជ្ជាជីវៈកម្រិតជាតិ ដើម្បីឧត្តមប្រយោជន៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “អភិបាលកិច្ចល្អក្នុងស្ថាប័ន”

នៅព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៤៧ នាទីព្រឹក​ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “អភិបាលកិច្ចល្អក្នុងស្ថាប័ន​” ដោយមានការគាំទ្រពីសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដោយ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន  ៤៦១  នាក់។

ពិធីប្រគល់វិញ្ញាបនបត្រ ATQ និងកម្មវិធីចែករំលែកចំណេះដឹងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងកម្មវិធីចែករំលែកចំណេះដឹងជូនដល់និស្សិត នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ដោយមានការអមដំណើរដោយសហការី។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីពង្រឹងការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជំរុញទឹកចិត្តនិស្សិតគណនេយ្យ លើកកម្ពស់តម្លៃនៃការប្រឡងវិជ្ជាជីវៈ និងបង្ហាញពីអត្ថប្រយោជន៍នៃការរៀនសូត្រពីអ្នកជំនាញដែលមានបទពិសោធជាក់ស្តែង នៅសាលប្រជុំប្រាសាទអង្គរវត្ត នៃ AUB។

ក្នុងឱកាសនោះ លោកស្រីនាយិកាប្រតិបត្តិ បានផ្តល់កិត្តិយសក្នុងការប្រគល់វិញ្ញាបនបត្រ និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនដល់និស្សិតដែលបានប្រឡងជាប់ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ ព្រមជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តការខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្មនាពេលអនាគត។ កម្មវិធីនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងបង្ហាញពីតម្លៃនៃការប្រឡងវិជ្ជាជីវៈ ក្នុងការពង្រឹងគុណភាពធនធានមនុស្សស្របតាមស្តង់ដាវិជ្ជាជីវៈ។

នៅក្នុងកម្មវិធីដដែលនេះ ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធដោយលោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យនៃក្រុមហ៊ុន FII&ASSOCIATES លើប្រធានបទ “ការត្រៀមខ្លួនដើម្បីក្លាយជាបុគ្គលិកក្នុងស្ថាប័នវិជ្ជាជីវៈគណនេយ្យ ពន្ធដារ និងសវនកម្ម”។ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវទស្សនទានអនុវត្តជាក់ស្តែង និងបទពិសោធដ៏មានតម្លៃ ដែលជាការបំផុសគំនិត និងជួយឱ្យនិស្សិតអាចត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួន។ បន្ថែមពីនេះ លោក ហេង គិតសុផល អគ្គនាយកនៃក្រុមហ៊ុន Advance Grand Formula Co., Ltd. ក៏បានចូលរួមក្នុងវេទិកាពិភាក្សា សំណួរ-ចម្លើយ និងបានចែករំលែកទស្សនទានវិជ្ជាជីវៈរបស់លោក ស្តីពីការលើកទឹកចិត្ត និងគាំទ្រនិស្សិតក្នុងការសិក្សាមុខវិជ្ជាគណនេយ្យ ព្រមទាំងការស្វែងរកឱកាសការងារក្នុងវិស័យនេះផងដែរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រ បទពិសោធអនុវត្តជាក់ស្តែង និងការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈ ដែលនេះជាកត្តាដ៏សំខាន់សម្រាប់និស្សិតក្នុងការកសាងអាជីពការងារឱ្យទទួលបានជោគជ័យក្នុងវិស័យគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល កម្មវិធីនេះគឺបានផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដ៏មានតម្លៃដល់និស្សិតអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ចំណេះដឹងស្តីពីជំនាញ និងសមត្ថភាពដែលចាំបាច់សម្រាប់វិស័យគណនេយ្យ និងសវនកម្ម ដែលទទួលបានការណែនាំដោយផ្ទាល់ពីអ្នកជំនាញមានបទពិសោធ។ កម្មវិធីនេះក៏បានជួយពង្រឹងទំនាក់ទំនងរវាងនិស្សិត និងឱកាសការងារ ដែលជួយលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពសម្រាប់ការចាប់យកឱកាសការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះទទួលបានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២៣០រូប ហើយបានបញ្ចប់ទៅដោយជោគជ័យ នៅវេលាម៉ោង ១១:៥៨ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិស្តីពីពន្ធដារ”

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិស្តីពីពន្ធដារ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៊ូលីីតា អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ និងសាធារណជនឱ្យបានយល់អំពីវិធាន និងនីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិពន្ធដារក្នុងគោលដៅគណនាពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន ៦៥៥ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “កាតព្វកិច្ចពន្ធដារក្នុងវិស័យអប់រំ”

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “កាតព្វកិច្ចពន្ធដារក្នុងវិស័យអប់រំ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធិភាព។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន  ៦៦៨ នាក់។

 

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩

កាលពីថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនងនៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញ អាស៊ាន លើកទី២៩ និងដោយមានការអញ្ជើញចូលរួមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងប្រទេសកម្ពុជា អមដោយមន្រ្តីជំនាញនៃ ន.គ.ស. រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី២៩ រួមមាន៖

១. រាយការណ៍ និងធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ និងសេចក្តីថ្លែងការណ៍វាយតម្លៃរបស់ប្រទេសសមាជិក

២. ពិនិត្យ ពិភាក្សា និងអនុម័តការចុះឈ្មោះគណនេយ្យករជំនាញអាស៊ាន (ASEAN CPA)

៣. វឌ្ឍនភាពនៃផែនទីបង្ហាញផ្លូវរបស់គណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន ឆ្នាំ២០២០ – ២០៣០ និង

៤. ការរាយការណ៍របស់ក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព និងការអភិវឌ្ឍន៍ Sustainability Knowledge Hub។

ក្រៅពីនេះនៅថ្ងៃទី២ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមចុះទស្សនកិច្ចនៅ អាជ្ញាធរនិយ័តកម្មសាជីវកម្មនិងគណនេយ្យ (ACRA) និងវិទ្យាស្ថានគណនេយ្យករនៃសិង្ហបុរី(ISCA) ដោយមានគោលបំណងសិក្សាស្វែងយល់អំពីបទពិសោធន៍ ក្របខណ្ឌគោលនយោបាយ និងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅសិង្ហបុរី ព្រមទាំងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នវិជ្ជាជីវៈគណនេយ្យក្នុងតំបន់អាស៊ាន។ ដោយឡែកនៅថ្ងៃទី៣ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារតាមវិស័យ (BSSWG) ជាមួយគណៈកម្មាធិការវិជ្ជាជីវៈផ្សេងៗរបស់អាស៊ាន ដើម្បីរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ និងការសម្របសម្រួលសកម្មភាពរួមក្នុងការអភិវឌ្ឍវិស័យសេវាកម្មនិងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses”

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក​ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “​Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses” ដែលជាការគាំទ្រពី ប៊ី ឌី អូ (ខេមបូឌា)​ លីមីធីត។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. Tan Chin Teck, Executive Director, BDO (Cambodia) Limited។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤៦ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម”

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មក្នុងវិស័យកសិកម្មឱ្យបានត្រឹមត្រូវ។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន ៦០១ នាក់។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក

នារសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស.២០២៦ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក បានប្រព្រឹត្តទៅនៅម៉ោង ២:០០ រសៀលនៅបន្ទប់ប្រជុំ វ.គ.ស.ក.។ អនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក ដែលជាសមាជិកសកម្មរបស់ វ.គ.ស.ក. ក្នុងការផ្តល់សេវាកម្មគណនេយ្យ និងសវនកម្ម។ បន្ថែមពីលើខ្លឹមសារនេះ ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លូនចូលរួមសិក្សា និងប្រឡងក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)ផងដែរ។

កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

នារសៀលថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ គ.ស. ២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.), លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ វ.គ.ស.ក. និងសហការី បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធាននៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងមានការចូលរួមពី តំណាងនិយ័តករក្រោមឱវាទ អ.ស.ហ. ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងមន្ត្រីនៃ វ.គ.ស.ក. នៅសាលប្រជុំធំជាន់ទី២នៃ អ.ស.ហ.។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធការងារ និងព័ត៌មានរវាង អ.ស.ផ. និង វ.គ.ស.ក. និងបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវីធី “កម្មវិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ”

នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ គ.ស.២០២៥ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវីធី “កម្មវិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ”។ ក្នុងនោះផងដែរ លោកស្រី សាវុធ ដាលី ក៏បានផ្តល់មតិស្វាគមន៍ និងគន្លឹះខ្លីស្តីពី “ការវិវត្តន៍នៃវិស័យគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ព្រមទាំងប្រគល់សញ្ញាបត្រនៃកម្មវីធី ATQ ដល់សិស្សនិស្សិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វាគមន៏ លើកទឹកចិត្ត បង្កើតទំនុកចិត្ត និងសាងទំនាក់ទំនងរឹងមាំដល់និស្សិតថ្មី រួមទាំងណែនាំពីចក្ខុវិស័យអនាគតនៃកម្មវិធីសិក្សា ទិសដៅសិក្សាដែលវិទ្យាស្ថានបានកំពុងអភិវឌ្ឍន៍ ជាពិសេសអត្ថប្រយោជន៍នៃការសិក្សាកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិតប្រមាណ២០០រូប នៅសាលពហុបំណងCKCC និងបានបញ្ចប់នៅវេលាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។

 

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ”

នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ គ.ស. ២០២៥ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន តំណាងអង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាច្រើនរូបនៅសណ្ឋាគារ SUN&MOON។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១. ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីគ្រប់អង្គភាពពាក់ព័ន្ធ ចំពោះកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុជំរុញការប្រើប្រាស់ និងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ

 ២. បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគំំាទ្រការប្រើប្រាស់កម្រង និងសទ្ទានុក្រម ក៏ដូចជាជំរុញការប្រើប្រាស់ និងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និង

៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អ.ស.ហ. និងអង្គភាពពាក់ព័ន្ធក្នុងការធានាស្ថិរភាព និងភាពជឿជាក់នៃប្រព័ន្ធហិរញ្ញវត្ថុ។

សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីខួបលើកទី ៦៨ របស់សមាគមគណនេយ្យប្រទេសឥណ្ឌូណេស៊ី ពិធីទទួលវិញ្ញាបនបត្រសមាជិកពេញសិទ្ធ របស់សហព័ន្ធគណនេយ្យករអន្តរជាតិកិច្ចប្រជុំ IFAC Connect Asia Pacific និងកិច្ចពិភាក្សា AFA – IFAC Dialogue ឆ្នាំ២០២៥

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្តីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស. ២០២៥ លោក ជា ធួន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្តីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា, ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងដោយមានការអញ្ជើញចូលរួមពី សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា តំណាងគ្រឹះស្ថានសិក្សាអប់រំ ស្ថាប័នរដ្ឋនិងឯកជន សាស្ត្រាចារ្យ មន្រ្តីជំនាញ និងនិស្សិត ជាច្រើនរូបនៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី៖

១. បញ្ជ្រាបការយល់ដឹងអំពី ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា

២. ពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធភាព នៃការគ្រប់គ្រងការអនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា និងដើម្បីឱ្យវិញ្ញាបនបត្រគណនេយ្យជាតិនេះឈានមុខ និងទទួលស្គាល់ជាអន្តរជាតិ និង

៣. លើកកម្ពស់សហគមន៍អ្នកជំនាញវិជ្ជាជីវៈដែលមានក្រមសីលធម៌ និងសមត្ថភាពខ្ពស់។

សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។

វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា”

នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា” សម្រាប់និស្សិតប្រមាណ ៧០រូបនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតជាច្រើនរូប។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៣. ការជំរុញ និងលើកទឹកចិត្តឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។