វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)”

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)” ជូនដល់និស្សិតប្រមាណ ៥៣នាក់ នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងរាជធានីភ្នំពេញ។

វគ្គតម្រង់ទិសនេះ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីសំណាក់សិស្សនិស្សិត។​ ក្នុងអំឡុងពេលនៃកម្មវិធីនេះ និស្សិតត្រូវបានណែនាំឱ្យយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងតួនាទីរបស់កម្មវិធីនេះ ដែលជាជំហានដំបូងឆ្ពោះទៅរកការក្លាយជាគណនេយ្យករជំនាញកម្រិតខ្ពស់ (CPA) នៅប្រទេសកម្ពុជា។ លើសពីនេះ និស្សិតក៏ទទួលបាននូវការលើកទឹកចិត្តឱ្យចុះឈ្មោះចូលរួមការប្រឡង (ATQ) និងការស្វែងយល់អំពីកម្មវិធីសិក្សាលើទូរស័ព្ទដៃ (KICPAA app) ដែលជាកន្លែងផ្តល់នូវធនធានសិក្សានានា ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

បន្ថែមពីនេះ និស្សិតក៏ទទួលបានការយល់ដឹងអំពីប្រព័ន្ធគាំទ្រអាជីពការងារ (CSS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដោយ​ វ.គ.ស.ក. ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាសមាជិក ជាមួយបណ្តាក្រុមហ៊ុនជាសមាជិក ដើម្បីទទួលបានឱកាសចុះកម្មសិក្សា និងឱកាសការងារ។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យបង្កើត និងបញ្ចូលប្រវត្តិរូបសង្ខេប (CV) របស់ពួកគេទៅក្នុងប្រព័ន្ធ (CSS) ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចស្វែងរកបេក្ខជនដែលសមស្របសម្រាប់ការចុះកម្មសិក្សា និងការជ្រើសរើសបុគ្គលិកចូលបម្រើការងារ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១:២២ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលាអនឡាញនេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក  Dawin Tang ប្រធាន នៃភីខេអេហ្វម៉ាឡេស៊ី ដែលលោកបានចែករំលែកនូវចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងការអនុវត្តគណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំដោយផ្តោតសំខាន់លើរបៀបដែលស្ថាប័នអាចស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពមិនប្រក្រតី តាមរយៈការវិភាគហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងយន្តការត្រួតពិនិត្យផ្ទៃក្នុង។

អំឡុងកម្មវិធីសិក្ខាសាលាអនឡាញនេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      ការយល់ដឹងកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះនៃគណនេយ្យកោសល្យវិច័យ និងសវនកម្មកោសល្យវិច័យ

·      ការយល់ដឹងអំពីធម្មជាតិ និងប្រភេទនៃការក្លែងបន្លំព្រមទាំងក្របខណ្ឌត្រីកោណនៃការក្លែងបន្លំ(Fraud Triangle)

·      ការស្វែងយល់ពីដំណើរការ និងបច្ចេកទេសនៃការស៊ើបអង្កេតការក្លែងបន្លំ

·      ការអនុវត្តវិធានការជាក់ស្តែងក្នុងការបង្ការ និងការស្វែងរកការក្លែងបន្លំនៅក្នុងស្ថាប័ន

·      ការយល់ដឹងអំពីតួនាទីរបស់គណនេយ្យករកោសល្យវិច័យក្នុងការបង្រឹងការត្រួតពិនិត្យផ្ទៃក្នុង

·      ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង តាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥២៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Dawin Tang ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី៣០

នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនង នៃ វ.គ.ស.ក.​ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី៣០ តាមប្រព័ន្ធអនឡាញ និងដោយមានការអញ្ជើញចូលរួមពីលោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) តំណាងប្រទេសកម្ពុជា អមដោយមន្ត្រីជំនាញនៃ ន.គ.ស. រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ​ ដែល​ ប្រទេសថៃ ​ធ្វើជាម្ចាស់ផ្ទះរៀបចំ។

កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពសំខាន់ៗរបស់ ASEAN CPA រួមមាន ការអភិវឌ្ឍ និងអនុវត្តវិញ្ញាបនបត្រ ASEAN CPA បែបឌីជីថល (ASEAN CPA -Certificate) ការធ្វើបច្ចុប្បន្នភាពគេហទំព័រ ASEAN CPA និង Sustainability Knowledge Hub ការលើកកម្ពស់ភាពចល័តរបស់គណនេយ្យករជំនាញក្នុងតំបន់អាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការលើការរាយការណ៍និរន្តរភាព (Sustainability Reporting) និងរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG)។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជាបានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យគណនេយ្យ (ASEAN MRA on Accountancy) និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិជ្ជាជីវៈគណនេយ្យនៅកម្រិតតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានប្រកបដោយចីរភាព។

វ.គ.ស.ក. នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអាស៊ាន ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងពង្រីកឱកាសសម្រាប់សមាជិកក្នុងការចូលរួមនៅក្នុងទីផ្សារការងារអាស៊ាន។

សេចក្តីប្រកាសព័ត៌មាន ស្តីពី មហាសន្និបាត ប្រចាំឆ្នាំ វ.គ.ស.ក.លើកទី២៣ ឆ្នាំ២០២៦ អបអរសាទរការទទួលបានសមាជិកភាពពេញសិទ្ធិជាប្រវត្តិសាស្ត្រនៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗ

កម្មវិធីសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បច្ចុប្បន្នភាពទីផ្សារមូលបត្រកម្ពុជា”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពទីផ្សារមូលបត្រកម្ពុជា” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ១០:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការអញ្ចើញចូលរួមធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃ ន.ម.ក។ លោកស្រីបានចែករំលែកនូវចំណេះដឹងសំខាន់ៗដូចជា៖

·      យល់ដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពទីផ្សារមូលបត្រកម្ពុជា

·      ស្វែងយល់អំពីប្រភេទផលិតផលហិរញ្ញវត្ថុចម្រុះ និងនិន្នាការថ្មីៗនៃទីផ្សារមូលបត្រកម្ពុជា

·      យល់ដឹងពីតួនាទីសំខាន់នៃទីផ្សារមូលបត្រក្នុងការកៀរគរទុននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ

·      ការដោះស្រាយចម្ងល់ជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ១៩៨​ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., អ្នកវិនិយោគសាធារណៈ, អ្នកជំនាញហិរញ្ញវត្ថុ និងគណនេយ្យ, សហគ្រាសធុនតូច និងមធ្យម, សិស្សនិស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍លើទីផ្សារមូលបត្រ។

កម្មវិធីសិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចុប្បន្នភាពចុងក្រោយបំផុត ដើម្បីពង្រឹងការយល់ដឹងអំពីបទប្បញ្ញត្តិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

 

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស លោកស្រី ស៊ន់ សូនីតា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលលទ្ធផលបានយ៉ាងផ្លែផ្កា។

វ.គ.ស.ក. ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ “វិធាន (Vithean)”​​​​ ដែលជាប្រព័ន្ធអាជីវកម្ម និងគណនេយ្យឌីជីថលបង្កើតឡើងដោយកូនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកគណនេយ្យឌីជីថល ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យាសម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាង៖

·  លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ (CEO) នៃ វ.គ.ស.ក.

·  លោក សុខ ពង្សសមេត្រី នាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន POSCAR Digital Co., Ltd.

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការគាំទ្រដល់ការធ្វើទំនើបកម្មនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា តាមរយៈបរិវត្តកម្មឌីជីថល (Digital Transformation) ការអនុវត្តប្រព័ន្ធ ERP ជាក់ស្តែង និងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹងសម្រាប់គណនេយ្យករ ក្រុមហ៊ុន គ្រូបង្រៀន និស្សិត និងអ្នកពាក់ព័ន្ធក្នុងវិជ្ជាជីវៈទាំងអស់។

ភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការគ្នាលើ៖

–  ការរៀបចំសិក្ខាសាលាអនឡាញ និងសិក្ខាសាលាផ្ទាល់ ស្តីពីប្រព័ន្ធគណនេយ្យឌីជីថល និងការអនុវត្តប្រព័ន្ធ ERP

–  កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលខ្លីៗ

–  កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់សាស្ត្រាចារ្យសកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធ

–  សកម្មភាពចែករំលែកចំណេះដឹង ស្តីពីការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគណនេយ្យ និងបច្ចេកវិទ្យាអាជីវកម្ម

–  គំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ពាក់ព័ន្ធនឹងការត្រៀមខ្លួនផ្នែកឌីជីថល និងអនាគតនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ហើយទន្ទឹងរង់ចាំការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីពង្រឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជានៅក្នុងយុគសម័យឌីជីថល។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក ឃាន វិសាល គ្រូបង្រៀន & អ្នកស្រាវជ្រាវផ្នែកបញ្ញសិប្បនិម្មិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងបរិយាកាសការងារសម័យថ្មីដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • ការយល់ដឹងពីតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើនផលិតភាពការងារ
  • ការស្វែងយល់ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ការងារប្រចាំថ្ងៃ
  • ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់វិភាគទិន្នន័យ និងធ្វើការសម្រេចចិត្ត
  • ការគ្រប់គ្រងពេលវេលា និងការងារឱ្យបានប្រសើរឡើងដោយភាពឆ្លាតវៃ
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨២នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃាន វិសាល ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធី “Learning and Development (L&D) Day”

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមផ្សព្វផ្សាយអំពីសមាជិកភាព និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិករបស់ក្រុមហ៊ុន KPMG Cambodia និងអ្នកចូលរួមផ្សេងៗទៀត ក្នុងកម្មវិធី “Learning and Development (L&D) Day” ដែលរៀបចំដោយក្រុមហ៊ុន KPMG Cambodia ចាប់ពីម៉ោង ៩:០០ នាទីព្រឹក នៅការិយាល័យក្រុមហ៊ុន KPMG Cambodia។

ក្នុងកម្មវិធីនេះ ក្រុមការងារ វ.គ.ស.ក. បានធ្វើការជជែក ពន្យល់ និងឆ្លើយសំណួរជាមួយអ្នកចូលរួម ដោយមានកម្មវិធីសំណួរយករង្វាន់ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។

កម្មវិធីនេះមានគោលបំណង៖

១. ផ្សព្វផ្សាយដល់បុគ្គលិកក្រុមហ៊ុន KPMG Cambodia និងអ្នកចូលរួមផ្សេងៗ ឱ្យបានសិក្សាស្វែងយល់កាន់តែច្បាស់អំពី វ.គ.ស.ក.

២. ពន្យល់អំពីសមាជិកភាព និងនីតិវិធីចុះឈ្មោះជាសមាជិករបស់ វ.គ.ស.ក. និង

៣. ផ្សព្វផ្សាយអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិកក្រុមហ៊ុន KPMG Cambodia ដែលកំពុងបម្រើការងារក្នុងវិស័យគណនេយ្យ ឱ្យបានសិក្សាស្វែងយល់កាន់តែច្បាស់អំពីកម្មវិធីនេះផងដែរ។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង ១០និង៣០ នាទីព្រឹក ប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលក្រៃលែង។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “QuickBooks Online Features, Updates, and Compliance Solution”

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “QuickBooks Online Features, Updates, and Compliance Solution” សម្រាប់សាស្រ្តាចារ្យប្រមាណ១៤៩រូប មកពីសាកលវិទ្យាល័យផ្សេងៗគ្នាតាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស លោកស្រី សាត សុខុន ជា Assistant Vice President នៃក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ License QuickBooks នៅកម្ពុជា។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានពង្រឹងសមត្ថភាពដល់សាស្រ្តាចារ្យបន្ថែមឱ្យ៖

១-យល់ដឹងអំពីមុខងារថ្មីៗ និងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ QuickBooks Online អនុលោមភាពគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងដំណោះស្រាយឌីជីថលដែលគាំទ្រដល់តម្រូវការបទប្បញ្ញត្តិ

២-បង្រៀនមុខវិជ្ជា QuickBooks ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង

៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សនិស្សិតបានខ្ពស់។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៥និង១០នាទីល្ងាច នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

កិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់៖ ទស្សនកិច្ចសិក្សាស្ថាប័នឈានមុខ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី ១៤២ នាថ្ងៃទី៧ និងទី៨ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី

នាថ្ងៃទី៧ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី គណៈប្រតិភូនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តំណាងប្រទេសកម្ពុជា អមដោយ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមទស្សនកិច្ចសិក្សានៅស្ថាប័នឈានមុខ រួមជាមួយតំណាងនៃបណ្តាប្រទេសសមាជិក AFA នៅ ISCA House ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមថ្មីៗលើផ្នែក ISQM និងបច្ចេកវិទ្យា AI។ បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅកាន់ធនាគារ DBS ដើម្បីសិក្សាពីដំណើរផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យហិរញ្ញវត្ថុ។

នាថ្ងៃដដែល ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នទាំងពីររយៈពេល៥ឆ្នាំ និងបង្កើតមាគ៌ាឆ្ពោះទៅរកការទទួលស្គាល់សមាជិកភាពទៅវិញទៅមក ដែលនឹងផ្តល់ឱកាសកាន់តែទូលំទូលាយដល់សមាជិកនៃវិទ្យាស្ថានទាំងសងខាង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យទាំងនៅកម្ពុជា និងសិង្ហបុរី។​ នាពេលល្ងាច គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាច ដែលត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅនៅ ISCA House រួមជាមួយបណ្តាអង្គភាពសមាជិកទាំងអស់ ដើម្បីជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

ក្រៅពីនេះ នាថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ានលើកទី ១៤២ ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី។​​ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពសមាជិកមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សា និងអនុម័តលើចំណុចសំខាន់ៗដូចជា៖

១. ការរាយការណ៍ និងអនុម័តលើការងារនៃកិច្ចប្រជុំលើកទី ១៤១ កន្លងទៅ

២. ពិភាក្សា និងធ្វើបច្ចុប្បន្នភាពលើផែនការយុទ្ធសាស្ត្ររបស់ AFA

៣. ការចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃវិជ្ជាជីវៈគណនេយ្យសកលពីតំណាង IFAC និងការ ពិភាក្សាលើនិរន្តរភាពដោយក្រុមការងារ ACPACC និង​

៤. ការត្រៀមលក្ខណៈសម្រាប់មហាសន្និបាតគណនេយ្យករពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំលើកទី ១៤៣ បន្ទាប់។

ការចូលរួមរបស់ វ.គ.ស.ក. ក្នុងកិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់លើកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វ.គ.ស.ក. ក្នុងការពង្រឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នវិជ្ជាជីវៈក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះដឹងវិជ្ជាជីវៈប្រកបដោយនិរន្តរភាព។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “Discover What’s New in QuickBooks Online and Compliance Solutions”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “Discover What’s New in QuickBooks Online and Compliance Solutions”  ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី សាត សុខុន Assistant Vice President នៃក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី ដែលលោកស្រីបានចែករំលែកចំណេះដឹងលើ៖

·      បច្ចុប្បន្នភាពនៃ QuickBooks Online ដើម្បីបង្កើនប្រសិទ្ធភាពការងារគណនេយ្យ

·      ដំណោះស្រាយអនុលោមភាព ដើម្បីគាំទ្រតម្រូវការពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ

·      ការអនុវត្តជាក់ស្តែងក្នុងការកែលម្អរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងសន្និធិ​

·      បម្រែបម្រួលក្នុងវិស័យគណនេយ្យ និងការបង្កើនប្រសិទ្ធភាពអាជីវកម្ម

 កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣០៨ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.,គណនេយ្យករ ហិរញ្ញវត្ថុ អ្នកប្រើប្រាស់ QuickBooks និងម្ចាស់អាជីវកម្ម ដែលមានបំណងពង្រឹងសមត្ថភាពឌីជីថល និងអនុលោមភាពក្នុងការងារ។

 កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សាត សុខុន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យ វេស្ទើន (ស.វ.) ស្តីពី “ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យវេស្ទើន (ស.វ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។

កម្មវីធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃ វ.គ.ស.ក. ឯកឧត្តម តែ ឡូរ៉ង់ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន និង បណ្ឌិត កៀង រតនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ១០០ នាក់។

កម្មវិធីបានចាប់ផ្តើមជាមួយនឹងមតិស្វាគមន៍ដោយ បណ្ឌិត កៀង រតនា ដែលបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូនេះ និងការរួមចំណែកក្នុងការងពង្រឹងការអប់រំវិជ្ជាជីវៈគណនេយ្យ។ បន្ទាប់មក លោកស្រី សាវុធ ដាលី បានផ្តល់នូវទិដ្ឋភាពទូទៅនៃគោលបំណងសំខាន់ៗនៃ MoU និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ។ លោកស្រីបានសង្កត់ធ្ងន់ថា ការទទួលស្គាល់នេះនឹងជួយគាំទ្រដល់និស្សិតក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈតាមស្តង់ដារ និងរៀបចំខ្លួនឱ្យក្លាយជាអ្នកបច្ចេកទេសគណនេយ្យដែលមានសមត្ថភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០:០០ ព្រឹក នៅសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យរបត់ដ៏សំខាន់មួយក្នុងការងពង្រឹងកិច្ចសហការរវាងវិទ្យាស្ថាន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នារវាងកម្មវិធីសិក្សាផ្នែកបណ្ឌិតសភា និងវិជ្ជាជីវៈ ព្រមទាំងគាំទ្រដល់ការបណ្តុះបណ្តាលគណនេយ្យករជំនាញជំនាន់ក្រោយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សវនកម្មព័ត៌មានវិទ្យា”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ឌី ឡ័យធ៏ (ខេមបូឌា) ខូ អិលធីឌី បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “សវនកម្មព័ត៌មានវិទ្យា” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក​ ខាន់ វ៉ាន់ចាន់ នាយកបច្ចេកវិទ្យា និង បរិវត្តកម្ម ដែលលោកបានចែករំលែកចំណេះដឹងលើ៖

·      តម្រូវការអនុលោមភាពក្នុងស្រុក៖ ការស្វែងយល់ពីតម្រូវការជាក់លាក់នៃសវនកម្មព័ត៌មានវិទ្យាពី ធនាគារជាតិនៃកម្ពុជា (NBC) ។

·      វដ្តនៃសវនកម្មព័ត៌មានវិទ្យា៖ ការកសាងចំណេះដឹងបច្ចេកទេសលើដំណាក់កាលសំខាន់ៗ រួមមាន ការរៀបចំផែនការ ការអនុវត្ត និងការធ្វើរបាយការណ៍ ។

·      ការអនុវត្តជាក់ស្តែង៖ ការសិក្សាពីតម្រូវការក្នុងការបំពេញសកម្មភាពសវនកម្មឱ្យមានគុណភាពខ្ពស់ ។

·      ការដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រ៖ ការកំណត់អត្តសញ្ញាណបញ្ហាប្រឈម និងកត្តាជោគជ័យសម្រាប់ប្រសិទ្ធភាពនៃកិច្ចការសវនកម្ម ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨៧ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., សវនករ និងសវនករផ្ទៃក្នុង ដែលមានបំណងពង្រឹងសមត្ថភាព ឬចូលរួមក្នុងវិជ្ជាជីវៈសវនកម្មព័ត៌មានវិទ្យា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។

លទ្ធផល និងសេចក្តីសង្ខេបនៃកម្មវិធី៖

កម្មវិធីនេះបានពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីតួនាទីដ៏សំខាន់នៃ សវនកម្មបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅក្នុងបរិបទដែលជំរុញដោយបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ជាពិសេសក្នុងការធានានូវភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ ការពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងការគាំទ្រដល់ការអនុលោមតាមបទប្បញ្ញត្តិនានា។

អ្នកចូលរួមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលវដ្តជីវិតនៃសវនកម្មព័ត៌មានវិទ្យាដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ចាប់ពីការរៀបចំផែនការ ការចុះអនុវត្តផ្ទាល់ និងការរាយការណ៍ ដែលជួយដល់ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យស្ថាប័ននានាអាចកែលម្អការត្រៀមខ្លួនសម្រាប់សវនកម្ម និងការអនុវត្តអភិបាលកិច្ចផ្ទៃក្នុង។

សិក្ខាសាលាអនឡាញនេះក៏បានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងការចូលប្រើប្រាស់ (Access Control) ឱ្យបានម៉ត់ចត់ ការការពារទិន្នន័យ និងផែនការអាជីវកម្មបន្ត (Business Continuity) ដែលជាសមាសធាតុសំខាន់ៗនៃបរិយាកាសត្រួតពិនិត្យរបស់ស្ថាប័នទំនើប។

បន្ថែមពីនេះ កម្មវិធីក៏បានសង្កត់ធ្ងន់ថា ការអនុវត្តវិធីសាស្ត្រសវនកម្មព័ត៌មានវិទ្យាដែលផ្អែកលើហានិភ័យអាចជួយឱ្យស្ថាប័នអាចកំណត់អាទិភាពលើប្រព័ន្ធសំខាន់ៗ ដោះស្រាយភាពងាយរងគ្រោះបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅទូទាំងប្រតិបត្តិការទាំងមូល។

ជារួម កម្មវិធីនេះបានសង្កត់ធ្ងន់បន្ថែមថា សវនកម្មបច្ចេកវិទ្យាព័ត៌មានមិនមែនជាភារកិច្ចដោយឡែករបស់ផ្នែកព័ត៌មានវិទ្យាតែមួយគត់នោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារវាងថ្នាក់ដឹកនាំ សវនករ គណនេយ្យករ និងស្ថាប័នអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវការត្រួតពិនិត្យដ៏រឹងមាំ ទិន្នន័យដែលគួរឱ្យទុកចិត្ត និងការកសាងទំនុកចិត្តរបស់ស្ថាប័ននៅក្នុងយុគសម័យឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខាន់ វ៉ាន់ចាន់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បច្ចុប្បន្នភាពស្តីពីបទប្បញ្ញត្តិនៃនិយ័តករគណនេយ្យនិងសវនកម្ម”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពស្តីពីនីតិវិធីនៃនិយ័តករគណនេយ្យនិងសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការអញ្ចើញចូលរួមធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនជំនាញតំណាងពី ន.គ.ស. រួមមាន៖

·      លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព

·      លោកស្រី ថុន ឧសភា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម

·      លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      វឌ្ឍនភាពនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកាតព្វកិច្ចគណនេយ្យនិងសវនកម្ម

·      ការពង្រឹងការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ដើម្បីបង្កើនតម្លាភាព។

·      នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងម្ចាស់អាជ្ញាបណ្ណគណនេយ្យ និងសវនកម្ម។

·      ការដោះស្រាយចម្ងល់ជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៣៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងសាធារណជនដែលចង់យល់ដឹងពីច្បាប់ថ្មីៗពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្ម។

កម្មវិធីសិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចុប្បន្នភាពចុងក្រោយបំផុត ដើម្បីពង្រឹងការយល់ដឹងអំពីបទប្បញ្ញត្តិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនជំនាញតំណាងពី ន.គ.ស. ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថល”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថល” ប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ុន គីមហ៊ីន, នាយិកា សេវាកម្មគណនេយ្យនៃក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត។ លោកស្រីបានចែករំលែកនូវការអនុវត្តជាក់ស្តែងលើការដាក់របាយការណ៍ប្រចាំឆ្នាំជូនទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈប្រព័ន្ធឌីជីថល ព្រមទាំងបានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • ការស្វែងយល់ពីនីតិវិធីនៃការដាក់របាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមប្រព័ន្ធឌីជីថល។
  • ការធានាឱ្យបាននូវអនុលោមភាពតាមតម្រូវការនៃរបាយការណ៍ប្រចាំឆ្នាំ។
  • ការបង្កើនប្រសិទ្ធភាព និងភាពត្រឹមត្រូវក្នុងការរៀបចំរបាយការណ៍ឌីជីថល។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

 

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ស៊ុន គីមហ៊ីន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។