តំណាង វ.គ.ស.ក. ចូលរួមជាមួយគណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំលើកទី៤៣ របស់ UNCTAD-ISAR នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ — លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៤៣ នៃក្រុមការងារអន្តររដ្ឋាភិបាលនៃអ្នកជំនាញស្តីពីស្តង់ដារគណនេយ្យអន្តរជាតិ និងការរាយការណ៍ (ISAR 43) ដែលរៀបចំដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

 គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងមកពីមជ្ឈដ្ឋានស្រាវជ្រាវ វិស័យអប់រំ និងវិស័យឯកជនកម្ពុជា រួមទាំង វ.គ.ស.ក. ផងដែរ។

 គណៈប្រតិភូកម្ពុជាក៏បានចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពរបស់ UNCTAD នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលផ្តោតលើការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ សមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដើម្បីគាំទ្រដល់ការអនុវត្តតម្រូវការរាយការណ៍និរន្តរភាពដែលទទួលស្គាល់ជាអន្តរជាតិ។

 លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ

១. ការពង្រឹងសមត្ថភាពសម្រាប់ការរាយការណ៍និរន្តរភាព (ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦)

កម្មវិធីកសាងសមត្ថភាពបានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ការពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍអ្នកជំនាញដែលមានសមត្ថភាព ដើម្បីអនុវត្តតម្រូវការរាយការណ៍និរន្តរភាពដែលទទួលស្គាល់ជាអន្តរជាតិ។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់ថា ការអនុវត្តការរាយការណ៍និរន្តរភាពប្រកបដោយជោគជ័យ ទាមទារឱ្យមានកិច្ចសហការរវាងស្ថាប័ននិយ័តកម្ម ស្ថាប័នវិជ្ជាជីវៈគណនេយ្យ សហគ្រាស គ្រឹះស្ថានអប់រំ និងភាគីពាក់ព័ន្ធនានា ដោយមានការគាំទ្រពីអភិបាលកិច្ចល្អ ព័ត៌មានដែលអាចជឿទុកចិត្តបាន និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

២. ការផ្សារភ្ជាប់រវាងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍និរន្តរភាព (ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦)

ប្រធានបទសំខាន់មួយនៃកិច្ចប្រជុំ ISAR លើកទី៤៣ គឺការពង្រឹងការផ្សារភ្ជាប់រវាងរបាយការណ៍ហិរញ្ញវត្ថុ និងការបង្ហាញព័ត៌មានស្តីពីនិរន្តរភាព ដែលរួមមានព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន សង្គម និងអភិបាលកិច្ច។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរាយការណ៍ដែលមានភាពស៊ីសង្វាក់គ្នា អាចជឿទុកចិត្តបាន និងមានការផ្សារភ្ជាប់គ្នា ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្នែកវិនិយោគ និងហិរញ្ញប្បទានប្រកបដោយព័ត៌មានគ្រប់គ្រាន់ ព្រមទាំងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសុខដុមនីយកម្មស្តង់ដាររាយការណ៍ ក៏ត្រូវបានលើកឡើងថាជាកត្តាសំខាន់ក្នុងការពង្រឹងគុណភាព ភាពអាចប្រៀបធៀបបាន និងភាពជឿទុកចិត្តនៃរបាយការណ៍របស់សហគ្រាស។

៣. ការពង្រឹងគណនេយ្យ និងការរាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ប្រធានបទសំខាន់មួយទៀតនៃកិច្ចប្រជុំ គឺការពិភាក្សាអំពីតម្រូវការផ្នែកគណនេយ្យ និងការរាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំស្តង់ដារ និងតម្រូវការរាយការណ៍គណនេយ្យដែលមានភាពសាមញ្ញ និងសមស្របទៅនឹងទំហំ និងសមត្ថភាពរបស់សហគ្រាស ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានប្រភពទុន និងជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។

ដំណោះស្រាយគណនេយ្យឌីជីថល និងស្តង់ដាររាយការណ៍សមស្រប ក៏ត្រូវបានចាត់ទុកថាជាឧបករណ៍សំខាន់ក្នុងការពង្រឹងតម្លាភាពហិរញ្ញវត្ថុ ការជំរុញសហគ្រាសក្នុងវិស័យក្រៅផ្លូវការឱ្យចូលមកក្នុងវិស័យផ្លូវការ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

៤. និន្នាការថ្មីៗនៃការរាយការណ៍និរន្តរភាព

អ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីការវិវត្តថ្មីៗក្នុងការរាយការណ៍និរន្តរភាព រួមមានជីវចម្រុះ មូលធនមនុស្ស និងការរាយការណ៍និរន្តរភាពក្នុងវិស័យសាធារណៈ។

កិច្ចពិភាក្សាទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងលើព័ត៌មាននិរន្តរភាព ដែលមានវិសាលភាពលើសពីការប្រែប្រួលអាកាសធាតុ ព្រមទាំងតម្រូវការបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សារៈសំខាន់ចំពោះវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា

លទ្ធផលនៃកិច្ចប្រជុំនេះបានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងនៃការពង្រឹងសមត្ថភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ការលើកកម្ពស់គុណភាពរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍និរន្តរភាព ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តនៃស្តង់ដារអន្តរជាតិ។

 ការចូលរួមរបស់ លោក នៅ រ៉េមី បានផ្តល់ឱកាសឱ្យ វ.គ.ស.ក. តាមដានការពិភាក្សា និងការវិវត្តនៅកម្រិតអន្តរជាតិ ដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ជាពិសេសក្នុងវិស័យការរាយការណ៍និរន្តរភាព របាយការណ៍ហិរញ្ញវត្ថុ និងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

វ.គ.ស.ក. បន្តប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជាឱ្យមានសមត្ថភាព និងការត្រៀមខ្លួនសម្រាប់អនាគត តាមរយៈកិច្ចសហការជាមួយនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) និងភាគីពាក់ព័ន្ធនានា ដោយស្របតាមការវិវត្ត និងឧត្តមានុវត្តន៍អន្តរជាតិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី​ “ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220” ប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រ ទី៨-៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA Managing Partner នៃក្រុមហ៊ុន PR Ramoso & Co., CPAs ដែលលោកបានចែករំលែកនូវចំណេះដឹងលើការវាយតម្លៃហានិភ័យ ការរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច ការតានដាន និងសម្រួល ព្រមទាំងការបង្កើតគោលនយោបាយ និងឯកសារសម្រាប់ប្រព័ន្ធនៃការគ្រប់គ្រងគុណភាព។

អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • យល់ដឹងពីមូលហេតុនៃការផ្លាស់ប្តូរពីស្តង់ដាអន្តរជាតិស្តីពីការត្រួតពិនិត្យគុណភាព ១ ទៅស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
  • យល់ដឹងអំពីគោលបំណងនិងធាតុផ្សំនៃស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
  • អនុវត្តដំណើរការវាយតម្លៃហានិភ័យ និងរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច
  • ពង្រឹងការអនុវត្តលើដំណើរការតាមដាន និងសម្រួល
  • រៀបចំប្រព័ន្ធនៃការគ្រប់គ្រងគុណភាព និងគោលនយោបាយសម្រាប់ធាតុផ្សំនីមួយៗ
  • យល់ដឹងអំពីទំនាក់ទំនងរវាងស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១ និង ស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ២ និងការផ្លាស់ប្តូរដែលបានណែនាំក្នុងស្តង់ដាសវនកម្ម ២២០ (កែសម្រួល)។
  • ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ។​

 សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤១ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. នាយកគ្រប់គ្រង នាយកប្រតិបត្តិជាន់ខ្ពស់ បុគ្គលិកជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសវនកម្ម និងការធានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងការអនុវត្តការងារសវនកម្ម។​​

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Webinar) ស្តីពី​ “ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងពីវាគ្មិនកិត្តិយសដោយ លោក ដួង ចំរើន និង លោក ជា ហុងឆាយ លើ៖

  • ការផ្លាស់ប្តូរសំខាន់ៗដែលត្រូវបានណែនាំដោយស្តង់ដា CIFRS 18 ប្រៀបធៀបនឹង CIAS 1
  • អំពីរចនាសម្ព័ន្ធថ្មី និងតម្រូវការនៃការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ
  • អំពីតម្រូវការនៃការលាតត្រដាងព័ត៌មាន រួមទាំងរង្វាស់សមិទ្ធកម្មកំណត់ដោយការគ្រប់គ្រង
  • អំពីតម្រូវការនៃការអនុវត្តលើកដំបូង
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

 កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦៧៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.  គណនេយ្យករ សវនករ ប្រធានផ្នែកហិរញ្ញវត្ថុ អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។

 កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

 វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ដួង ចំរើន និង លោក ជា ហុងឆាយដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក ដែលលោកបានចែករំលែកចំណេះដឹងលើ៖

  • ការណែនាំអំពីការត្រួតពិនិត្យសុខភាពពន្ធនិងប្រភេទសវនកម្មពន្ធដារ
  • ហេតុអ្វីការត្រួតពិនិត្យសុខភាពពន្ធសំខាន់?
  • អត្ថប្រយោជន៍ការត្រួតពិនិត្យសុខភាពពន្ធ
  • ដំណើរការត្រួតពិនិត្យសុខភាពពន្ធ
  • ការរកឃើញបញ្ហាពន្ធប្រឈមទូទៅនិងកន្លែងមានហានិភ័យ
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៧៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.  គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ វណ្ណារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) ដោយមានការគាំទ្រពីក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” សម្រាប់សាស្រ្តាចារ្យប្រមាណ ១២២រូប មកពីសាកលវិទ្យាល័យផ្សេងៗគ្នាតាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស លោកស្រី ភោគ ផណ្ណា ជាប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ វាគ្មិនបានចែករំលែកនូវចំណេះដឹងយ៉ាងស៊ីជម្រៅអំពីកម្មវិធីគណនេយ្យអនឡាញ ដែលជួយពង្រឹងសមត្ថភាពដល់សាស្រ្តាចារ្យបន្ថែមទៅលើ៖

១-ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីធានាអនុលោមភាព៖ ការធ្វើស្វ័យប្រវត្តិនៃការប្រកាសពន្ធប្រចាំខែ​ និងការរៀបចំឯកសារយោង។

២-ការផ្លាស់ប្តូរពីការកត់ត្រាប្រវត្តិហិរញ្ញវត្ថុ ទៅជាការរៀបចំផែនការយុទ្ធសាស្ត្រតាមពេលវេលាជាក់ស្តែង៖ ការប្រើប្រាស់ទិន្នន័យជាក់ស្ដែង (Real-time data) ដើម្បីគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រ និងការធ្វើសេចក្តីសម្រេចចិត្ត។

៣-ទទួលបានបទពិសោធផ្ទាល់ក្នុងការប្រើប្រាស់កម្មវិធីគណនេយ្យអនឡាញ៖ ការសិក្សាពីជំហានមូលដ្ឋានក្នុងការបង្កើតគណនី និងការរៀបចំប្រព័ន្ធសម្រាប់អាជីវកម្ម។

៤-បង្រៀនមុខវិជ្ជាគណនេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង​៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងការចូលរួមយ៉ាងសកម្មពីសាស្ត្រាចារ្យ។

ទស្សនវិស័យអាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំសិក្ខាសាលាស្តីពី “ទស្សនវិស័យអាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ” ជូនដល់និស្សិតប្រមាណ ២០០នាក់ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងរាជធានីភ្នំពេញ។​ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោក ស៊ុន ​សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងតំណាងនៃ​ វ.គ.ស.ក. វាគ្មិនកិត្តិយស គណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ។ កម្មវិធីនេះមានគោលបំណងផ្តល់ចំណេះដឹង និងការយល់ដឹងដល់និស្សិតអំពីឱកាសការងារ និងសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ។

សិក្ខាសាលានេះ បានផ្តល់ឪ្យនិស្សិតនូវការណែនាំ និងការចែករំលែកចំណេះដឹងអំពីទស្សនវិស័យអាជីពការងារ និងឱកាសការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ​ និងលើកទឹកចិត្តឱ្យនិស្សិតរៀបចំផែនការសិក្សា និងអាជីពការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពឱ្យស្របតាមតម្រូវការទីផ្សារការងារដែលកំពុងមានការវិវត្ត។ បន្ទាប់មក កម្មវិធីក៏បានរៀបចំវេទិកាពិភាក្សា និងសំណួរ-ចម្លើយក្រោមប្រធានបទ “អាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ” ដោយមានការចូលរួមពីវាគ្មិនជំនាញគឺលោក ហេង គិតសុផល អគ្គនាយកនៃក្រុមហ៊ុន អ៊ែតវ៉ាន់ស៍ ហ្គ្រែន ហ្វ័រម៉ូឡា ឯ.ក និងលោកស្រី ហ្វុង វឌ្ឍនា ស្ថាបនិកនៃ​ក្រុមហ៊ុន វីអេសឌី អឌីត អេនសួរ៉ិនស៍ ឯ.ក អំពីបទពិសោធការងារ ជំនាញដែលនិយោជកត្រូវការនិងការត្រៀមខ្លួនដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារ។

ជាលទ្ធផល ចំណេះដឹងសំខាន់ៗដែលនិស្សិតទទួលបានពីសិក្ខាសាលានេះរួមមាន៖

  • ការយល់ដឹងពីតម្លៃ និងទីផ្សារការងារ៖ ជំនាញគណនេយ្យ សវនកម្ម និងពន្ធដារ ផ្តល់នូវឱកាសការងារទូលំទូលាយ និងប្រាក់បៀវត្សខ្ពស់។ ជំនាញទាំងនេះជាបេះដូងនៃអាជីវកម្ម ក្នុងការធានាអនុលោមភាពតាមច្បាប់ និងជួយដល់ការធ្វើសេចក្តីសម្រេចចិត្តលើការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព។
  • តួនាទី៖ និស្សិតបានយល់ដឹងពីភាពខុសគ្នារវាងតួនាទីជា គណនេយ្យករ និងសវនករ
  • សារៈសំខាន់នៃការចុះកម្មសិក្សា៖ ការចុះកម្មសិក្សាគឺជាស្ពានយ៉ាងសំខាន់ក្នុងការផ្តល់បទពិសោធមូលដ្ឋានគ្រឹះជាក់ស្តែង ការសិក្សា និងការអនុវត្តផ្ទាល់លើឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលកំពុងជឿនលឿនឥតឈប់ឈរ
  • បទពិសោធនិងគន្លឹះជោគជ័យ៖ និស្សិតទទួលបាននូវទស្សនទានល្អៗក្នុងការអភិវឌ្ឍខ្លួន រួមមាន ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការបើកចិត្តរៀនសូត្រអ្វីថ្មីៗ ការអភិវឌ្ឍសមត្ថភាពជាប្រចាំដូចជាការប្រឡងយកវិញ្ញាបនបត្រ ATQ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងពេលបញ្ចប់ការសិក្សា និងការមានផែនការជីវិតច្បាស់លាស់។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង​ ១១ និង​០៥នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការចូលរួមយ៉ាងសកម្មពីនិស្សិត ដោយបានផ្តល់នូវចំណេះដឹង និងទស្សនវិស័យដ៏មានតម្លៃសម្រាប់ការរៀបចំផែនការអាជីព និងការអភិវឌ្ឍខ្លួនរបស់និស្សិតនាពេលអនាគត។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”  

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹកតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ភោគ ផណ្ណា ប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដែលលោកស្រី បានចែករំលែកចំណេះដឹងលើ៖

  • របៀបដែលឧបករណ៍គណនេយ្យឌីជីថលអាចធ្វើស្វ័យប្រវត្តិកម្មលើការអនុលោមតាមច្បាប់ពន្ធដារ និងបង្កើនភាពត្រឹមត្រូវនៃការរាយការណ៍។
  • វិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការផ្លាស់ប្តូរទិន្នន័យគណនេយ្យទៅជាព័ត៌មានយល់ដឹងអំពីអាជីវកម្មសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។
  • ការណែនាំដែលអាចអនុវត្តបានក្នុងការកសាងសមត្ថភាពឌីជីថល និងការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវសម្រាប់អង្គភាពរបស់លោកអ្នក។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៥៦ នាក់ រួមមានសមាជិក វ.គ.ស.ក. នាយកគ្រប់គ្រងផ្នែកគណនេយ្យ គណនេយ្យករជាន់ខ្ពស់ គណនេយ្យករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើទំនើបកម្មលើដំណើរការគណនេយ្យរបស់ខ្លួន។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ភោគ ផណ្ណា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

សេចក្តីប្រកាសព័ត៌មាន វេទិកាជាតិគណនេយ្យ២០២៦ ក្រោមប្រធានបទ “ការបញ្ចូលស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា”

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១២:០០ ថ្ងៃត្រង់តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក ដែលលោកបានចែករំលែកចំណេះដឹងលើ៖

  • ដំណើរការសរុបក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមអនុវត្តន៍គណនីកម្ពុជា និងស្តង់ដារគណនីដែលអាចប្រើបាន។
  • ការបង្កើនគុណភាព ភាពត្រឹមត្រូវ និងភាពសីចង្វាក់គ្នានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
  • កំណត់កំហុសឆ្គង ចំណុចត្រួតពិនិត្យ និងហានិភ័យនៃការអនុវត្តតាមច្បាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
  • ជំរុញជំនាញពិនិត្យជាក់ស្តែងសម្រាប់ឯកសារការងារ ការបង្ហាញ និងកាលវិភាគគាំទ្រ។
  • ​យល់ពីការទទួលខុសត្រូវសំខាន់ៗរវាងអ្នករៀបចំនិងអ្នកពិនិត្យក្នុងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦៩៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.  គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ វណ្ណារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី​ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន  នៅ ​អឌីត អេន​ អ៊ែតវ៉ាយហ្សឺរី​ ឯ.ក ដែលលោកបានចែករំលែកនូវចំណេះដឹង និងការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដែលជាការគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។

អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
  • ស្តង់ដារសវនកម្ម និងការអនុលោម
  • ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
  • ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
  • ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
  • ករណីសិក្សា
  • ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ

សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៦ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. បុគ្គលិកផ្នែកសវនកម្ម​ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ សវនករផ្ទៃក្នុង អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ និងបុគ្គលពាក់ព័ន្ធដែលបានចាប់អារម្មណ៍។​

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នៅ រ៉េមី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

សិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា។ លោកបានចែករំលែកចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

អំឡុងសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • យល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទបញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
  • យល់ដឹងការអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
  • យល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ
  • ការឆ្លើយតបកត្តាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ២៥៣ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ចាន់តារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូនដល់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។ គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងការបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។ លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ដែលជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

១.​ ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពលើវិស័យគណនេយ្យ និងសវនកម្ម

២. កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​ (ATQ)

៣. វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

៤. ការណែនាំអំពីការប្រើប្រាស់កម្មវិធីសិក្សា ATQ តាមរយៈវេបសាយ (KICPAA website) និងលើទូរស័ព្ទដៃ (KICPAA app)

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅវេលាម៉ោង៥ និង​​០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កា និងមានការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ។

Induction Course

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៣ សម្រាប់សមាជិកឆ្នាំ២០២៦ដែលមានអ្នកចូលរួមសរុប១២រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន ប្រព័ន្ធសមាជិកភាព និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់

វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីសិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១០:១០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក ធៀ សុផល អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងការផ្លាស់ប្តូរអង្គភាពប្រកបដោយចីរភាព។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត និងនិន្នាការចុងក្រោយដែលកំពុងជំរុញការផ្លាស់ប្តូរអង្គភាព។
  • វាយតម្លៃកម្រិតត្រៀមខ្លួនរបស់អង្គភាព និងការអនុវត្តក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់ការទទួលយក និងការអនុវត្តបញ្ញាសិប្បនិម្មិត។
  • កំណត់គន្លឹះសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្ត និងយុទ្ធសាស្ត្រជាក់ស្តែងតាមរយៈករណីសិក្សា
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៩០ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំអង្គភាព អ្នកគ្រប់គ្រង មន្ត្រីទទួលបន្ទុកបរិវត្តកម្មឌីជីថល បុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកវិភាគទិន្នន័យ អ្នកជំនាញអាជីវកម្ម សហគ្រិន និងអ្នកដែលមានចំណាប់អារម្មណ៍លើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងអង្គភាព។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ធៀ សុផល ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលផ្លែផ្កា។

សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១២០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងឱកាសអភិវឌ្ឍអាជីពការងារដល់និស្សិត។ កម្មវិធីសិក្ខាសាលានេះបានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹង៖

 ១. ទិដ្ឋភាពទូទៅនៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា

 ២.​ វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម

 ៣. កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) និង

 ៤.​ ការលើកកម្ពស់អនុលោមភាពគណនេយ្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្ត។

ក្នុងនោះផងដែរ លោក ជា ធួន នាយកប្រតិបត្តិរង នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងការតម្រង់ទិសជូនដល់និស្សិតស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”ក្នុងគោលបំណងដើម្បីជំរុញឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១ និង៤០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។