កិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់៖ ទស្សនកិច្ចសិក្សាស្ថាប័នឈានមុខ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី ១៤២ នាថ្ងៃទី៧ និងទី៨ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី

នាថ្ងៃទី៧ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី គណៈប្រតិភូនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តំណាងប្រទេសកម្ពុជា អមដោយ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមទស្សនកិច្ចសិក្សានៅស្ថាប័នឈានមុខ រួមជាមួយតំណាងនៃបណ្តាប្រទេសសមាជិក AFA នៅ ISCA House ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមថ្មីៗលើផ្នែក ISQM និងបច្ចេកវិទ្យា AI។ បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅកាន់ធនាគារ DBS ដើម្បីសិក្សាពីដំណើរផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យហិរញ្ញវត្ថុ។

នាថ្ងៃដដែល ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នទាំងពីររយៈពេល៥ឆ្នាំ និងបង្កើតមាគ៌ាឆ្ពោះទៅរកការទទួលស្គាល់សមាជិកភាពទៅវិញទៅមក ដែលនឹងផ្តល់ឱកាសកាន់តែទូលំទូលាយដល់សមាជិកនៃវិទ្យាស្ថានទាំងសងខាង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យទាំងនៅកម្ពុជា និងសិង្ហបុរី។​ នាពេលល្ងាច គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាច ដែលត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅនៅ ISCA House រួមជាមួយបណ្តាអង្គភាពសមាជិកទាំងអស់ ដើម្បីជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

ក្រៅពីនេះ នាថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ានលើកទី ១៤២ ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី។​​ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពសមាជិកមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សា និងអនុម័តលើចំណុចសំខាន់ៗដូចជា៖

១. ការរាយការណ៍ និងអនុម័តលើការងារនៃកិច្ចប្រជុំលើកទី ១៤១ កន្លងទៅ

២. ពិភាក្សា និងធ្វើបច្ចុប្បន្នភាពលើផែនការយុទ្ធសាស្ត្ររបស់ AFA

៣. ការចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃវិជ្ជាជីវៈគណនេយ្យសកលពីតំណាង IFAC និងការ ពិភាក្សាលើនិរន្តរភាពដោយក្រុមការងារ ACPACC និង​

៤. ការត្រៀមលក្ខណៈសម្រាប់មហាសន្និបាតគណនេយ្យករពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំលើកទី ១៤៣ បន្ទាប់។

ការចូលរួមរបស់ វ.គ.ស.ក. ក្នុងកិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់លើកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វ.គ.ស.ក. ក្នុងការពង្រឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នវិជ្ជាជីវៈក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះដឹងវិជ្ជាជីវៈប្រកបដោយនិរន្តរភាព។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “Discover What’s New in QuickBooks Online and Compliance Solutions”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “Discover What’s New in QuickBooks Online and Compliance Solutions”  ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី សាត សុខុន Assistant Vice President នៃក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី ដែលលោកស្រីបានចែករំលែកចំណេះដឹងលើ៖

·      បច្ចុប្បន្នភាពនៃ QuickBooks Online ដើម្បីបង្កើនប្រសិទ្ធភាពការងារគណនេយ្យ

·      ដំណោះស្រាយអនុលោមភាព ដើម្បីគាំទ្រតម្រូវការពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ

·      ការអនុវត្តជាក់ស្តែងក្នុងការកែលម្អរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងសន្និធិ​

·      បម្រែបម្រួលក្នុងវិស័យគណនេយ្យ និងការបង្កើនប្រសិទ្ធភាពអាជីវកម្ម

 កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣០៨ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.,គណនេយ្យករ ហិរញ្ញវត្ថុ អ្នកប្រើប្រាស់ QuickBooks និងម្ចាស់អាជីវកម្ម ដែលមានបំណងពង្រឹងសមត្ថភាពឌីជីថល និងអនុលោមភាពក្នុងការងារ។

 កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សាត សុខុន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យ វេស្ទើន (ស.វ.) ស្តីពី “ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យវេស្ទើន (ស.វ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។

កម្មវីធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃ វ.គ.ស.ក. ឯកឧត្តម តែ ឡូរ៉ង់ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន និង បណ្ឌិត កៀង រតនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ១០០ នាក់។

កម្មវិធីបានចាប់ផ្តើមជាមួយនឹងមតិស្វាគមន៍ដោយ បណ្ឌិត កៀង រតនា ដែលបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូនេះ និងការរួមចំណែកក្នុងការងពង្រឹងការអប់រំវិជ្ជាជីវៈគណនេយ្យ។ បន្ទាប់មក លោកស្រី សាវុធ ដាលី បានផ្តល់នូវទិដ្ឋភាពទូទៅនៃគោលបំណងសំខាន់ៗនៃ MoU និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់សាកលវិទ្យាល័យវេស្ទើន ជាគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ។ លោកស្រីបានសង្កត់ធ្ងន់ថា ការទទួលស្គាល់នេះនឹងជួយគាំទ្រដល់និស្សិតក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈតាមស្តង់ដារ និងរៀបចំខ្លួនឱ្យក្លាយជាអ្នកបច្ចេកទេសគណនេយ្យដែលមានសមត្ថភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០:០០ ព្រឹក នៅសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យរបត់ដ៏សំខាន់មួយក្នុងការងពង្រឹងកិច្ចសហការរវាងវិទ្យាស្ថាន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នារវាងកម្មវិធីសិក្សាផ្នែកបណ្ឌិតសភា និងវិជ្ជាជីវៈ ព្រមទាំងគាំទ្រដល់ការបណ្តុះបណ្តាលគណនេយ្យករជំនាញជំនាន់ក្រោយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សវនកម្មព័ត៌មានវិទ្យា”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ឌី ឡ័យធ៏ (ខេមបូឌា) ខូ អិលធីឌី បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “សវនកម្មព័ត៌មានវិទ្យា” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក​ ខាន់ វ៉ាន់ចាន់ នាយកបច្ចេកវិទ្យា និង បរិវត្តកម្ម ដែលលោកបានចែករំលែកចំណេះដឹងលើ៖

·      តម្រូវការអនុលោមភាពក្នុងស្រុក៖ ការស្វែងយល់ពីតម្រូវការជាក់លាក់នៃសវនកម្មព័ត៌មានវិទ្យាពី ធនាគារជាតិនៃកម្ពុជា (NBC) ។

·      វដ្តនៃសវនកម្មព័ត៌មានវិទ្យា៖ ការកសាងចំណេះដឹងបច្ចេកទេសលើដំណាក់កាលសំខាន់ៗ រួមមាន ការរៀបចំផែនការ ការអនុវត្ត និងការធ្វើរបាយការណ៍ ។

·      ការអនុវត្តជាក់ស្តែង៖ ការសិក្សាពីតម្រូវការក្នុងការបំពេញសកម្មភាពសវនកម្មឱ្យមានគុណភាពខ្ពស់ ។

·      ការដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រ៖ ការកំណត់អត្តសញ្ញាណបញ្ហាប្រឈម និងកត្តាជោគជ័យសម្រាប់ប្រសិទ្ធភាពនៃកិច្ចការសវនកម្ម ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨៧ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., សវនករ និងសវនករផ្ទៃក្នុង ដែលមានបំណងពង្រឹងសមត្ថភាព ឬចូលរួមក្នុងវិជ្ជាជីវៈសវនកម្មព័ត៌មានវិទ្យា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។

លទ្ធផល និងសេចក្តីសង្ខេបនៃកម្មវិធី៖

កម្មវិធីនេះបានពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីតួនាទីដ៏សំខាន់នៃ សវនកម្មបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅក្នុងបរិបទដែលជំរុញដោយបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ជាពិសេសក្នុងការធានានូវភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ ការពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងការគាំទ្រដល់ការអនុលោមតាមបទប្បញ្ញត្តិនានា។

អ្នកចូលរួមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលវដ្តជីវិតនៃសវនកម្មព័ត៌មានវិទ្យាដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ចាប់ពីការរៀបចំផែនការ ការចុះអនុវត្តផ្ទាល់ និងការរាយការណ៍ ដែលជួយដល់ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យស្ថាប័ននានាអាចកែលម្អការត្រៀមខ្លួនសម្រាប់សវនកម្ម និងការអនុវត្តអភិបាលកិច្ចផ្ទៃក្នុង។

សិក្ខាសាលាអនឡាញនេះក៏បានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងការចូលប្រើប្រាស់ (Access Control) ឱ្យបានម៉ត់ចត់ ការការពារទិន្នន័យ និងផែនការអាជីវកម្មបន្ត (Business Continuity) ដែលជាសមាសធាតុសំខាន់ៗនៃបរិយាកាសត្រួតពិនិត្យរបស់ស្ថាប័នទំនើប។

បន្ថែមពីនេះ កម្មវិធីក៏បានសង្កត់ធ្ងន់ថា ការអនុវត្តវិធីសាស្ត្រសវនកម្មព័ត៌មានវិទ្យាដែលផ្អែកលើហានិភ័យអាចជួយឱ្យស្ថាប័នអាចកំណត់អាទិភាពលើប្រព័ន្ធសំខាន់ៗ ដោះស្រាយភាពងាយរងគ្រោះបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅទូទាំងប្រតិបត្តិការទាំងមូល។

ជារួម កម្មវិធីនេះបានសង្កត់ធ្ងន់បន្ថែមថា សវនកម្មបច្ចេកវិទ្យាព័ត៌មានមិនមែនជាភារកិច្ចដោយឡែករបស់ផ្នែកព័ត៌មានវិទ្យាតែមួយគត់នោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារវាងថ្នាក់ដឹកនាំ សវនករ គណនេយ្យករ និងស្ថាប័នអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវការត្រួតពិនិត្យដ៏រឹងមាំ ទិន្នន័យដែលគួរឱ្យទុកចិត្ត និងការកសាងទំនុកចិត្តរបស់ស្ថាប័ននៅក្នុងយុគសម័យឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខាន់ វ៉ាន់ចាន់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បច្ចុប្បន្នភាពស្តីពីបទប្បញ្ញត្តិនៃនិយ័តករគណនេយ្យនិងសវនកម្ម”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពស្តីពីនីតិវិធីនៃនិយ័តករគណនេយ្យនិងសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការអញ្ចើញចូលរួមធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនជំនាញតំណាងពី ន.គ.ស. រួមមាន៖

·      លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព

·      លោកស្រី ថុន ឧសភា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម

·      លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      វឌ្ឍនភាពនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកាតព្វកិច្ចគណនេយ្យនិងសវនកម្ម

·      ការពង្រឹងការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ដើម្បីបង្កើនតម្លាភាព។

·      នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងម្ចាស់អាជ្ញាបណ្ណគណនេយ្យ និងសវនកម្ម។

·      ការដោះស្រាយចម្ងល់ជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៣៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងសាធារណជនដែលចង់យល់ដឹងពីច្បាប់ថ្មីៗពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្ម។

កម្មវិធីសិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចុប្បន្នភាពចុងក្រោយបំផុត ដើម្បីពង្រឹងការយល់ដឹងអំពីបទប្បញ្ញត្តិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនជំនាញតំណាងពី ន.គ.ស. ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថល”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តកគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថលប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ុន គីមហ៊ីន, នាយិកា សេវាកម្មគណនេយ្យនៃក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត។ លោកស្រីបានចែករំលែកនូវការអនុវត្តជាក់ស្តែងលើការដាក់របាយការណ៍ប្រចាំឆ្នាំជូនទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈប្រព័ន្ធឌីជីថល ព្រមទាំងបានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • ការស្វែងយល់ពីនីតិវិធីនៃការដាក់របាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមប្រព័ន្ធឌីជីថល។
  • ការធានាឱ្យបាននូវអនុលោមភាពតាមតម្រូវការនៃរបាយការណ៍ប្រចាំឆ្នាំ។
  • ការបង្កើនប្រសិទ្ធភាព និងភាពត្រឹមត្រូវក្នុងការរៀបចំរបាយការណ៍ឌីជីថល។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

 

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ស៊ុន គីមហ៊ីន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) សម្រាប់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំជំនួបពិភាក្សាការងារជាមួយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) ក្នុងគោលបំណងពិភាក្សាអំពី កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) នៅក្នុងវិស័យឧត្តមសិក្សានៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ​ វ.គ.ស.ក. និង លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ព្រមទាំងក្រុមការងារតំណាងឱ្យវិទ្យាស្ថាន វ.គ.ស.ក.​ នៅទីស្នាក់ការ​​ ស.គ.ឧ.ក.។ កិច្ចប្រជុំនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគម ស.គ.ឧ.ក. រួមមាន ឯកឧត្តមបណ្ឌិត តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក.​ តំណាង ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក.​ និង ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកនៃ ប៊ែលធី គ្រុប និងជាប្រធានគណៈប្រតិបត្តិសមាគម ព្រមទាំងសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកស្រី សាវុធ ដាលី បានធ្វើបទបង្ហាញអំពីបេសកកម្មរបស់វិទ្យាស្ថាន និងសារៈសំខាន់នៃកម្មវិធី ATQ ដែលជាគុណវុឌ្ឍិវិជ្ជាជីវៈកម្រិតជាតិ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសគណនេយ្យដល់និស្សិតតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា។ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសសមត្ថភាពរបស់និស្សិតបញ្ចប់ការសិក្សា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងនិន្នាការវិវត្តនៃវិស័យគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃសមាគម ស.គ.ឧ.ក. បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ និងបានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ អនុស្សរណៈនៃយោគយល់គ្នា (MoU) ជាផ្លូវការ។ ការរៀបចំ MoU នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិជ្ជាជីវៈគណនេយ្យឱ្យកាន់តែមានសក្តានុពល ស្របតាមស្តង់ដាជាតិ និងតំបន់។

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាណវិជ្ជមានក្នុងការលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ ជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងក្លាពីសាកលវិទ្យាល័យនានា និងការតភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានសិក្សា ជាមួយនឹងស្ថាប័នវិជ្ជាជីវៈកម្រិតជាតិ ដើម្បីឧត្តមប្រយោជន៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “អភិបាលកិច្ចល្អក្នុងស្ថាប័ន”

នៅព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៤៧ នាទីព្រឹក​ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “អភិបាលកិច្ចល្អក្នុងស្ថាប័ន​” ដោយមានការគាំទ្រពីសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដោយ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន  ៤៦១  នាក់។

ពិធីប្រគល់វិញ្ញាបនបត្រ ATQ និងកម្មវិធីចែករំលែកចំណេះដឹងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងកម្មវិធីចែករំលែកចំណេះដឹងជូនដល់និស្សិត នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ដោយមានការអមដំណើរដោយសហការី។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីពង្រឹងការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជំរុញទឹកចិត្តនិស្សិតគណនេយ្យ លើកកម្ពស់តម្លៃនៃការប្រឡងវិជ្ជាជីវៈ និងបង្ហាញពីអត្ថប្រយោជន៍នៃការរៀនសូត្រពីអ្នកជំនាញដែលមានបទពិសោធជាក់ស្តែង នៅសាលប្រជុំប្រាសាទអង្គរវត្ត នៃ AUB។

ក្នុងឱកាសនោះ លោកស្រីនាយិកាប្រតិបត្តិ បានផ្តល់កិត្តិយសក្នុងការប្រគល់វិញ្ញាបនបត្រ និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនដល់និស្សិតដែលបានប្រឡងជាប់ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ ព្រមជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តការខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្មនាពេលអនាគត។ កម្មវិធីនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងបង្ហាញពីតម្លៃនៃការប្រឡងវិជ្ជាជីវៈ ក្នុងការពង្រឹងគុណភាពធនធានមនុស្សស្របតាមស្តង់ដាវិជ្ជាជីវៈ។

នៅក្នុងកម្មវិធីដដែលនេះ ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធដោយលោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យនៃក្រុមហ៊ុន FII&ASSOCIATES លើប្រធានបទ “ការត្រៀមខ្លួនដើម្បីក្លាយជាបុគ្គលិកក្នុងស្ថាប័នវិជ្ជាជីវៈគណនេយ្យ ពន្ធដារ និងសវនកម្ម”។ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវទស្សនទានអនុវត្តជាក់ស្តែង និងបទពិសោធដ៏មានតម្លៃ ដែលជាការបំផុសគំនិត និងជួយឱ្យនិស្សិតអាចត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួន។ បន្ថែមពីនេះ លោក ហេង គិតសុផល អគ្គនាយកនៃក្រុមហ៊ុន Advance Grand Formula Co., Ltd. ក៏បានចូលរួមក្នុងវេទិកាពិភាក្សា សំណួរ-ចម្លើយ និងបានចែករំលែកទស្សនទានវិជ្ជាជីវៈរបស់លោក ស្តីពីការលើកទឹកចិត្ត និងគាំទ្រនិស្សិតក្នុងការសិក្សាមុខវិជ្ជាគណនេយ្យ ព្រមទាំងការស្វែងរកឱកាសការងារក្នុងវិស័យនេះផងដែរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រ បទពិសោធអនុវត្តជាក់ស្តែង និងការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈ ដែលនេះជាកត្តាដ៏សំខាន់សម្រាប់និស្សិតក្នុងការកសាងអាជីពការងារឱ្យទទួលបានជោគជ័យក្នុងវិស័យគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល កម្មវិធីនេះគឺបានផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដ៏មានតម្លៃដល់និស្សិតអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ចំណេះដឹងស្តីពីជំនាញ និងសមត្ថភាពដែលចាំបាច់សម្រាប់វិស័យគណនេយ្យ និងសវនកម្ម ដែលទទួលបានការណែនាំដោយផ្ទាល់ពីអ្នកជំនាញមានបទពិសោធ។ កម្មវិធីនេះក៏បានជួយពង្រឹងទំនាក់ទំនងរវាងនិស្សិត និងឱកាសការងារ ដែលជួយលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពសម្រាប់ការចាប់យកឱកាសការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះទទួលបានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២៣០រូប ហើយបានបញ្ចប់ទៅដោយជោគជ័យ នៅវេលាម៉ោង ១១:៥៨ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិស្តីពីពន្ធដារ”

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិស្តីពីពន្ធដារ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៊ូលីីតា អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ និងសាធារណជនឱ្យបានយល់អំពីវិធាន និងនីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិពន្ធដារក្នុងគោលដៅគណនាពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន ៦៥៥ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “កាតព្វកិច្ចពន្ធដារក្នុងវិស័យអប់រំ”

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ កាតព្វកិច្ចពន្ធដារក្នុងវិស័យអប់រំ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធិភាព។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន  ៦៦៨ នាក់។

 

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩

កាលពីថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនងនៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញ អាស៊ាន លើកទី២៩ និងដោយមានការអញ្ជើញចូលរួមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងប្រទេសកម្ពុជា អមដោយមន្រ្តីជំនាញនៃ ន.គ.ស. រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី២៩ រួមមាន៖

១. រាយការណ៍ និងធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ និងសេចក្តីថ្លែងការណ៍វាយតម្លៃរបស់ប្រទេសសមាជិក

២. ពិនិត្យ ពិភាក្សា និងអនុម័តការចុះឈ្មោះគណនេយ្យករជំនាញអាស៊ាន (ASEAN CPA)

៣. វឌ្ឍនភាពនៃផែនទីបង្ហាញផ្លូវរបស់គណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន ឆ្នាំ២០២០ – ២០៣០ និង

៤. ការរាយការណ៍របស់ក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព និងការអភិវឌ្ឍន៍ Sustainability Knowledge Hub។

ក្រៅពីនេះនៅថ្ងៃទី២ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមចុះទស្សនកិច្ចនៅ អាជ្ញាធរនិយ័តកម្មសាជីវកម្មនិងគណនេយ្យ (ACRA) និងវិទ្យាស្ថានគណនេយ្យករនៃសិង្ហបុរី(ISCA) ដោយមានគោលបំណងសិក្សាស្វែងយល់អំពីបទពិសោធន៍ ក្របខណ្ឌគោលនយោបាយ និងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅសិង្ហបុរី ព្រមទាំងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នវិជ្ជាជីវៈគណនេយ្យក្នុងតំបន់អាស៊ាន។ ដោយឡែកនៅថ្ងៃទី៣ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារតាមវិស័យ (BSSWG) ជាមួយគណៈកម្មាធិការវិជ្ជាជីវៈផ្សេងៗរបស់អាស៊ាន ដើម្បីរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ និងការសម្របសម្រួលសកម្មភាពរួមក្នុងការអភិវឌ្ឍវិស័យសេវាកម្មនិងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses”

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក​ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “​Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses” ដែលជាការគាំទ្រពី ប៊ី ឌី អូ (ខេមបូឌា)​ លីមីធីត។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. Tan Chin Teck, Executive Director, BDO (Cambodia) Limited។

សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤៦ នាក់។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម”

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ម៉ោង ១២:០០ នាទីថ្ងៃត្រង់​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ដែលមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មក្នុងវិស័យកសិកម្មឱ្យបានត្រឹមត្រូវ។

ជាលទ្ធផល សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមចំនួន ៦០១ នាក់។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក

នារសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស.២០២៦ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក បានប្រព្រឹត្តទៅនៅម៉ោង ២:០០ រសៀលនៅបន្ទប់ប្រជុំ វ.គ.ស.ក.។ អនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក ដែលជាសមាជិកសកម្មរបស់ វ.គ.ស.ក. ក្នុងការផ្តល់សេវាកម្មគណនេយ្យ និងសវនកម្ម។ បន្ថែមពីលើខ្លឹមសារនេះ ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លូនចូលរួមសិក្សា និងប្រឡងក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)ផងដែរ។

កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។